(ភ្នំពេញ​)៖ មន្រ្តីតុលាការបានបញ្ជាក់ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់ហេង​ នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​អភិវឌ្ឍន៍​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ និង​ពិន័យ​៣លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​៤០០លាន​រៀល​ ពាក់ព័ន្ធ​ការ​ក្លែង​បន្លំ​ឯកសារ​ផ្ទេរ​សិទ្ធិ​ ដើម្បី​ស៊ីដាច់​ដី​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន១៤៦ហិកតា​​​​។

លោក​ ឡុង​ កេស​ភីរម្យ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ឈ្មោះ​ សៀង​ ចាន់ហេង​ អាយុ​៥២ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាខ្មៅ​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និង​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ តាម​មាត្រា​៦២៦​ មាត្រា​៦២៧​ និង​ មាត្រា​៦២៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ពាក់ព័ន្ធ​ករណី​នេះ​ ដើមចមកាលពី​អំឡុង​ឆ្នាំ​១៩៩៥​ លោក​ស្រី​ លឹម​ ឃី​ និង​មនុស្ស​៩នាក់​ផ្សេងទៀត​ បាន​ចូល​ហ៊ុន​គ្នា​ទិញ​ដី​ទំហំ​១៤៦ហិកតា​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​។ លុះ​ដល់​ឆ្នាំ​២០១៣​ លោក​ស្រី​ លឹម​ ឃី​ បាន​ទៅ​មើល​ដី​ទើប​ដឹង​ថា​ ដី​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់ហេង​ លក់​ទៅ​ឲ្យ​ឈ្មោះ​ គង់​ សែន​ និង​ ប្រពន្ធ​ឈ្មោះ​ នី​ គឹម​អ៊ាន់​។ ផ្តើម​ចេញ​ពី​បញ្ហា​ទាំងនេះ​ហើយ​ ទើប​លោក​ស្រី​ លឹម​ ឃី​ ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​លោក​ស្រី​ ឧកញ៉ា​ សៀង​ ចាន់ហេង​ តែ​ម្ដង​៕