(ព្រះសីហនុ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សិលា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួន បុរសជនជាតិចិនម្នាក់ ដែលបានចូលមករស់នៅដោយគ្មានលិខិតឆ្លងដែន តាំងពីឆ្នាំ២០០៧មកម្ល៉េះ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី ស្នងការរង ទទួលការងារអន្ដោប្រវេសន៍ បានឲ្យដឹងថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ Wang Xiang (វ៉ាង ស៊ាន) អាយុ៧២ឆ្នាំ​ កើតនៅស្រុកជុងមុ ខេត្តហ៊ឺណាន ប្រទេសចិន បច្ចុប្បន្នស្នាក់នៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។

លោកស្នងការរង បញ្ជាក់ថា ​ឆ្លងតាមការសាកសួរបំភ្លឺ ជនបរទេសរូប នេះបានឆ្លើយថា ខ្លួនបានចូលមក​កម្ពុជា ចុងក្រោយ កាលពីឆ្នាំ២០០៣ រស់នៅក្នុងនាមជាចាស់ជរា និងបានស្នាក់ នៅក្នុងរាជធានីភ្នំពេញ លុះដល់ឆ្នាំ២០០៧ ក៏ត្រូវចោរលួចគាស់ផ្ទះបាត់បង់សម្ភារះ និងលិខិតឆ្លងដែន តែមិនបានទៅស្ថានទូតចិន ដើម្បីធ្វើលិខិត ឆ្លងដែនថ្មីទេ។ រហូតដល់ខែមិថុនា ឆ្នាំ២០១៦ ក៏បានចូល មកស្នាក់នៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា មើលសំណង់ឲ្យឈ្មោះ ស៊ឺង ជីន ថៅកែតៅហ៊ូ នៅភ្នំពេញរហូតដល់ថ្ងៃឃាត់ខ្លួន។

ក្រោយឃាត់ខ្លួនជនជាតិចិនរូបនេះ ត្រូវបានបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដ៕