(ភ្នំពេញ)៖ លោក ប៊ូ ជុំសិរី ប្រធានគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យេជាតិ នៅមុននេះបន្តិច បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ទូក.ង ដែលទទួលបានចំណាត់ថ្នាក់ «លេខ១ពិសេសលើសគេ» មានឈ្មោះថា «សារាយតេជោសែនជ័យ» ជាទូក.ងមកពីខេត្តកណ្ដាល ចំណែកឯ ទូក.ងដែលទទួលបានផ្នែកសោភ័ណភាពស្អាតជាងគេដែរនោះ មានចំនួន ៣ទូក ផ្សេងទៀត។

លោក ប៊ូ ជុំសិរី បានបញ្ជាក់ថា «ទូក.ង ដែលបានលេខ១ពិសេស មានឈ្មោះ សារាយតេជោសែនជ័យ របស់ព្រះចៅធិការមួយអង្គ មកពីខេត្តកណ្ដាល ដែលយើងមានការប្រគល់រង្វាន់មួយចំនួន ដូចទៅនឹងឆ្នាំ២០១៤ ដែរ មិនខុសគ្នាប៉ុន្មានទេ»

លោកបានបន្តថា ក្រៅពីទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល មានទូក.ង ដែលទទួលបានជយលាភីផ្នែកសោភ័ណភាពស្អាតផុតគេចំនួន ៣ទូកផ្សេងទៀត រួមមាន៖ ទូកទី១.មានឈ្មោះ «តេជៈសែនជ័យរស្មីមេគង្គ» ជាទូក.ងនៅក្នុងរាជធានីភ្នំពេញ, ទូកទី២.មានឈ្មោះ «គងពិសីមហាសែនតេជៈ» មកពីខេត្តកំពង់ស្ពឺ និងទូកទី៣.មានឈ្មោះ «ព្រះទីនាំងព្រះគោសែនជ័យ» មកពីខេត្តកំពត»។

តាមការសង្កេតមើលឃើញ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃមកនេះ លោក ប៊ូ ជុំសិរី បានបញ្ជាក់ថា ការប្រព្រឹត្តទៅនៃព្រះរាជពិធីបុណ្យដ៏មានអត្ថន័យនេះ មានភាពអធឹកអធ័ម និងសប្បាយរីករាយ ប្រកបដោយភាពរលូន ឯប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការចូលរួមយ៉ាងច្រើនកុះករ គ្មានករណីបង្កជាភាពចលាចលអ្វីនោះឡើយ ការថែរក្សាសន្តិសុខរបស់កម្លាំងសមត្ថកិច្ច នោះទៀតសោត ក៏មានសកម្មភាពពង្រាយគ្រប់ទីកន្លែង ដែលបានបង្កភាពកក់ក្ដៅគ្រប់ពេលវេលា ជូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ត្រូវបានផ្អាកការប្រារព្ធចំនួន៤ដង មកហើយ គឺនៅឆ្នាំ២០១១, ឆ្នាំ២០១២, ឆ្នាំ២០១៣ និងឆ្នាំ២០១៥។ ដោយឡែក ក្នុងឆ្នាំ២០១៦នេះ មានទូក.ងចូលរួមប្រណាំងសរុបចំនួន ២៥៧ទូក ក្នុងនោះមានកីឡាករចំណុះសរុប១៧,៧៣៦នាក់៕