​​(ភ្នំពេញ)​​៖ បើ​គេ​និយាយ​ពី​​ទូកប្រណាំ​ងខ្មែរ​​ ដែល​តែង​តែ​ប្រារព្វ​​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក​​ នៅ​ចតុមុខ​​​​ គឺជា​ពិធី​បុណ្យ​ជាតិ​ ដែល​ជា​ការ​រំឭក​​ដល់​ទូក-ង​ «​ទូកអុំ» និង​​​ទូក​មួង ជា ​«​​ទូក​ចេវ»​ ជា​​​ប្រភេទ​ទូក​ ចម្បំាង​ខ្មែរ​ ដោយ​​ឆ្លុះ​បញ្ចាំង​ពី ប្រវត្ដិ​សាស្រ្ដ​និង​​​ប្រពៃណី​​​ដ៏រុងរឿង​របស់​ចក្រ​ភព​​​ខ្មែរ​​ នា​សម័យ​មហា​នគរ​​ ​​​​​​ក្នុង​រ​ជ្ជ​កាល​​​ព្រះ​បាទ​ជ័យ​វរ្ម័នទី៧។​ បើ​ដូ​ច្នេះ​យើង​គួរយល់​ថា​​ តើទូកប្រណំាងទំាង​នេះ​មាន​​​​គុណ​តម្លៃ​​បែប​​​​ណា ដល់​សង្គម​ជាតិ​​​?

ឆ្លើយ​តប​នឹង​បញ្ហា​នេះអ្នក​ជំនាញ​ផ្នែក​អារ្យ​ធម៌​ខ្មែរ​ លោក​ រត្ន័ សណ្ដាប់​ យល់ថា​ បើ​និយាយ​ពី​ទូកមាន​ច្រើន​ប្រភេទ ប៉ុន្ដែ​​ចំពោះ​ទូក​-ង​ និង​​ទូកចេវ​ ជា​ទូក​មាន​លក្ខណៈ​ពិសេស​ គឺ​ខុសប្លែក​ពី​​ប្រភេទ​ទូក​ ​ប្រកប​អាជីវកម្ម​​​ ព្រោះ​វា​មាន​តួ​ខ្លួន​វែង​អាច​ផ្ទុក​​មនុស្ស​អុំ ឬ​ចេវ​បាន​​ច្រើននាក់​។​ បើ​គិត​ពីសម្មតិកម្ម​បច្ចុប្បន្ន មិន​ខុស​ពី​ប្រភេទ​ទូក​ ​នាវា​ចម្បំាង​​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ច្រើននាក់នេះ​ទេ​​​​​​។​​​​​​​ ​​​​

ដូច្នេះ​​បាន​ជា​​ទូក​ប្រណាំង​​ទំាង​នេះ​ គឺ​គេ​ពុំ​អាច​យក​ទៅ​ប្រកប​របរធ្វើ​​​មុខ​ជំនួញ​បា​នទេ​​​ ព្រោះ​ជា​ទូក​ ចម្បំាងកាល​ពី​សម័យ​បុរាណ។​​ ហេតុ​នេះ​​ ​បាន​ជា​យើង​ឃើញ​​​ថា​ នៅ​ពេល​ប្រណាំ​ង​ម្ដងៗ​គេ​រៀប​ចំ​ ​​ទូក​អុំជាមួយ​នឹង​ទូក​អុំ រីឯ​ទូក​ចេវ ជាមួយទូក​ចេវ ​គឺ​មិន​អាច​លាយ​ទ្បំ​គ្នា​ទេ​។ ម្យ៉ាង​ទៀត ​នៅ​ពេល​ប្រណាំងក៏ដូច្នោះផង​ដែរ ​​​គេបាន​​រៀបចំ​ជា​របៀប​ក្បួន​ទ័ព​​ គឺ​​​ទូក​អុំ ចាប់ផ្ដើម​​​​ចេញ​មុន​ ព្រោះ​ជាទ័ព​ស្រួច រី​ឯទូក ចេវ ជា​​​ទ័ព​ជំនួយ​ចេញ​តាម​ក្រោយ​។​

លោក រត្ន័ សណ្ដាប់ បាន​បញ្ជាក់​​ទៀត​ថា សូម្បី​តែ​ក្នុងការ​ជ្រើសរើស​ប្រភេទ​ឈើ​ទៀត​សោត​​ មក​​ធ្វើ​ជា​ទូក​ប្រណាំង​ ភាគ​ច្រើន​ជា​ប្រភេទ​ឈើគគីរ​ គេ​ពិនិត្យ​ល្អិតល្អន់​ណាស់ បើ​​​​តាម​ជំនឿ​ទំនៀម​ទម្លាប់​ខ្មែរ​តំាង​ពី​បរមបុរាណ​មក​ គេ​តែង​រៀប​ចំ​​ពិធី​ផ្សេងៗ​ ​ដើម្បី​បួង​សួង​ដល់​​អារក្ខ​ អារក្ស​​ទេវតា​ តំាង​មុន​កាប់ ពេលកាប់​ រហូត​​ដល់​ការ​ប្រើប្រាស់​​​ ព្រោះ​តែ​ហេតុ​នេះហើយ​ បាន​ជា​ទូក​ប្រណាំង​តែ​មាន​ព្រាយ​កាន់​ ហៅថា ​«​ជីនាង​ទូក»​ បាន​សេចក្ដីថា​​ ​ទូក​ហាក់​​មាន​ព្រលឹង​«​ជីវិត»​ មាន​មុខងា​រ​​ថៃរក្សា​ដល់​ចំណុះ​ទូកនិង​ប្រជាពលរដ្ឋ​​។

​អ្វី​កាន់តែពិសេ​ស​ថែម​ទៀត​នោះ ​សូម្បីឈ្មោះទូកក៏សុទ្ធ​តែ​បង្ហាញ​ពី​​អត្ថន័យ​និង​ប្រវត្ដិផងដែរ ជាក់ស្ដែង​ដូចជា​ឈ្មោះ​ទូក​ចង្ហាន់ហុយ ក្នុង​ន័យ​​បង្ហាញថា ​​ជា​ទូក​ មាន​ល្បឿន​លឿន​ ​សូម្បី​​ម្លូប​អាហារ​ដែល​​បាន​ត្រៀម​ទុក​ ក្នុងទូក​ ​​នៅ​​គ្រា​​មាន​ចម្បំាង​​​ជាមួយ​នឹង​សត្រូវ​​ គឺ​បាន​អុំ​ទៅ​ដល់ទីតំាង​ប្រយុទ្ធ​​​ ដែល​​មាន​ចម្លាយ​រាប់រយ​គីទ្បូ​ម៉ែត្រ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ម្លូប​អាហារ​​ដែល​បាន​ត្រៀម​ទុក​​ទំាង​នេះ​ នៅ​តែក្ដៅ​ហុយៗ​ដដែល​​​​។​

ជា​ចុង​ក្រោយ​ លោក រត្ន័ សណ្ដាប់ យល់ទៀត​ថា​ ដោយ​ទូក​ប្រណំាង​ខ្មែរ​ ជា​ទូក ចម្បំាង​មាន​លក្ខណៈ​ពិសេស​​ ជាង​ទូក​ដ៏​ទៃ​ទៀត​ក្នុង​លោក។​ បច្ចុប្បន្ន បាន​ក្លាយ​ជា​ទូក បង្ហាញ​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​ក្នុង​សង្គម​ខ្មែរ​។​

បើ​ដូច្នេះលោកយល់​ថា គួររាជ​រដ្ឋាភិ​បាល​លើក​​យក​​ពិធីបុណ្យ​អុំទូក ដាក់​​ជា​សម្បត្ដិ​បេតិកភណ្ឌវប្បធម៌​អរូបី របស់​មនុស្ស​ជាតិ ​ដើម្បី​​ជា​តំណាង​​ឲ្យ​អារ្យ​ធម៌​ដ៏​រុង​រឿង​ ខ្លំា​ក្លា​របស់​ខ្មែរ​ ដែល​ខ្មែរ​ចេះ​គ្រប់​គ្រង​ទឹក​ ហើយ​យក​ទឹក​មក​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​របស់​ខ្លួន​៕​