(ភ្នំពេញ)៖ ករណីដែលភាគីជនរងគ្រោះជិះរថយន្តព្រូសអះអាងថា ខ្លួនត្រូវបានក្រុមក្មេងស្ទាវមួយក្រុម​ជិះរថយន្តតាមវាយឲ្យរបួស និងវាយបែកកញ្ចក់រថយន្តនោះ តាមពិតរឿងនេះគឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយភាគីជនរងគ្រោះ ហើយព្យាយាមបើករត់ នេះបើតាមការអះអាងរបស់ម្ចាស់ឡានកាមរីពាក់ស្លាក់លេខ 2AP-9090 និយាយបំភ្លឺយ៉ាងដូច្នេះ។

នៅព្រឹកមិញនេះ ភាគីខាងម្ចាស់រថយន្តកាមរីពាក់ស្លាកលេខ 2AP-9090 បានទូរស័ព្ឌមកកាន់ Fresh News ដោយអះអាងថា ករណីហឹង្សាដែលបានកើតឡើង កាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ ដើមហេតុពិតមិនមែនផ្ដើមចេញពីរឿងភាគី រងគ្រោះស៊ីផ្លេសុំផ្លូវហើយភាគីបង្កតាមរករឿងវ៉ៃនោះទេ តាមពិតវាផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយភាគីរថយន្តព្រុស បើកប៉ះរថយន្តគេហើយ មិនឈប់ដោះស្រាយ បែរជាបើករត់ទើបធ្វើឲ្យភាគីរថយន្តរងគ្រោះ និងរថយន្តដែលកំពុងធ្វើដំណើរឃើញហេតុការណ៏នេះ ក៏នាំគ្នាដេញតាមរហូតឈានដល់កើតអំពើហិង្សាវាយតប់បែបនេះតែម្ដងទៅ។

ភាគីរថយន្តកាមរីហាយប្រីកស្លាកលេខ 2AP-9090 បានរៀបរាប់បន្ថែមថា ហើយមូលហេតុពិតនោះបានបង្ហាញហើយ បណ្តាលមកពីរឿងគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលបុរសដែលត្រូវគេវាយនោះ ជាអ្នកបង្កហើយព្យាយាមបើករថយន្តគេច។ ភាគីរថយន្តកាមរីហាយប្រិក ស្លាកលេខ 2AP-9090 បានអះអាងបន្ថែមថា ដំបូងឡើយយុវជនដែលត្រូវគេវាយនោះ បានជិះរថយន្តព្រុសស្លាកលេខ 2AF-4737 បានបើកប៉ះរថយន្តបាឡែនពណ៌ស មួយគ្រឿងនៅក្បែរច្រកចូលវត្តទឹកថ្លា ខណៈម្ចាស់រថយន្តនេះកំពុងធ្វើដំណើរទៅបុណ្យសពឳពុក នៅវត្តទឹកថ្លា។

ក្រោយបង្កហេតុ ម្ចាស់រថយន្តព្រុសមិនព្រមឈប់ដោះស្រាយនោះទេ គឺបន្ថែមល្បឿនបើករត់ទៅទិសខាងលិច។ភ្លាមនោះដែរ ម្ចាស់រថយន្តបាឡែនរងគ្រោះ ដែលទៅបុណ្យសពនោះ បាននាំគ្នាជិះដេញតាមរថយន្តព្រុសដែលបង្កហេតុ ហើយខ្លួនដែលបានឃើញហេតុការណ៏ ក៏បើកដេញតាមនឹងគេដែរ។

លុះបើករត់ដល់មុខក្រុមហ៊ុនរថយន្តគា ភាគីរថយន្តព្រុសក៏ព្យាយាមបើកបត់ឆ្វេង ក្នុងបំណងរត់ចូលមកខាងភ្នំពេញវិញ ក៏ត្រូវរថយន្តខាងរងគ្រោះ និងរថយន្តរបស់ខ្លួនបើកកាក់ពីមុខជាប់ ហើយបាននាំគ្នាចុះវាយតែម្តងទៅ ព្រោះខឹងនិងយុវជនដែលបើករថយន្តព្រុស 2AF-4737 គេចវេសបុកគេហើយមិនព្រមឈប់ដោះស្រាយ។

ដោយឡែកការលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលថាអ្នកដែលបានប្រើកាំភ្លើង វាយទៅលើយុវជនដែលជាម្ចាស់រថយន្តព្រុស ពាក់ស្លាកលេខ 2AF-4737 គឺជាម្ចាស់រថយន្តដែលពាក់ស្លាកលេខ 2AP-9090 នោះ តាមពិតមិនមែននោះទេ គឺជាអ្នកជិះនៅក្នុងរថយន្ត កាមរីបាឡែនពណ៌ស ដែលរថយន្តព្រុសបើកប៉ះ តែខ្លួនទទួលស្គាល់ថា ម្ចាស់រថយន្តពាក់ស្លាកលេខ 2AP-9090 ពិតជាបាននៅក្នុងហេតុការណ៍នេះដែរ តែមិនបានវាយ ឬប្រើកាំភ្លើងភ្ជង់អ្វីនោះទេ ព្រោះខ្លួនមិនមានកាំភ្លើងប្រើនោះទេ។

បើតាមសាច់រឿងនេះ មិនមែនគ្រាន់តែស៊ីប្លេរប៉ុណ្ណឹង គេខឹងនាំគ្នាជិះស្ទាក់រថយន្ត រួចនាំគ្នាចុះមកវាយនោះទេ ពោលគឺជនរងគ្រោះដែលត្រូវគេវាយនោះ គឺជាអ្នកបង្កហេតុមុន បង្កគ្រោះថ្នាក់ចរាចរណ៍ខូចខាតរថយន្តអ្នកដទៃ ហើយមិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមជិះរត់ ទើបបណ្តាលឲ្យភាគីម្ខាងទៀត ខឹងនាំគ្នាជិះដេញចាប់រថយន្ត ហើយឈានដល់ការប្រើហិង្សាតែម្តងទៅ។

សូមបញ្ជាក់ថា នៅក្រោយកើតហឹង្សានាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦រួចមក ភាគីរងគ្រោះដោយមានការថតជាវីដេអូ បានជាក់ស្ដែងថែមទៀតនោះ ភាគីរងគ្រោះបានសរសេរបង្ហោះនៅតាមហ្វេសប៊ុកថា ខ្លួនត្រូវបានក្រុមក្មេងស្ទាវមួយក្រុម​ បើករថយន្តដេញវាយអោយរបួស និងវាយបែកកញ្ចក់រថយន្ត ខណៈខ្លួនចុចស៊ីផ្លេសុំផ្លូវឲ្យភាគីរថយន្តបង្ករអែបខាង។

ទោះជាយ៉ាងណាករណីគ្រោះថ្នាក់ចរាចរ គេគួរតែដោះស្រាយតាមករណីគ្រោះថ្នាក់ចរាចរ ដោយផ្ដល់ជាសំណង គេមិនគួរប្រើអំពើហិង្សានាំគ្នាវាយ ទៅលើម្ចាស់ឡានព្រុស បែបនេះនោះទេ។ ប៉ុន្តែទោះបីយ៉ាងណានេះជាលើកឡើងនេះ ជារបស់ភាគីម្ខាងតែប៉ុណ្ណោះ​ រង់ចាំការលើកឡើងរបស់ម្ចាស់រថយន្តព្រុសផងដែរ៕