(សៀមរាប)៖ អនុវត្តន៍តាមការណែនាំជាប្រចាំ ពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ឲ្យសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បន្តយុទ្ធនាការចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់​ នៅតាមបណ្តាតូបមួយចំនួនរួមមាន៖ អំបិលអ៊ីយ៉ូត ស្ពៃជ្រក់ សណ្តែកបណ្តុះ គុយទាវ មុីសរសៃលឿង សាច់ក្រក ប្រហុកសាច់ មុឹកក្លាសេ បង្គារក្លាសេ ត្រីសាមបាក់ក្លាសេ ណែមសាច់ត្រី ផ្លែមៀនស្រស់ និងផ្លែទំពាំងបាយជូរស្រស់ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid , Sodium Hydrosulfite, Borax និង Formalin នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ចំពោះផលិតផលវេចខ្ចប់រួច និងផលិតផលម្ហូបអាហារកំប៉ុង ក៏ក្រុមការងារពុំបានរកឃើញផលិតផលប្រែប្រួលខូចគុណភាព ហួសកាលបរិេច្ឆទប្រើប្រាស់ដែរ។

ឆ្លៀតឳកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេកប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនោះមន្រ្តីកាំកុងត្រូលក៏បានពន្យល់ និងបកស្រាយជូនដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ អំពីពាក្យចចាមអារ៉ាមដែលកើតមានថ្មីៗ ទាក់ទងទៅនឹងអង្ករប្លាស្ទិក ដើម្បីឲ្យពួកគាត់បានយល់ដឹងបន្ថែម និងមានទំនុកចិត្តថា គឺពិតជាពុំមានអង្ករប្លាសស្ទីកទេនៅកម្ពុជា ដោយបាននិយាយយោងទៅលើលទ្ធផលពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូលនិងប្រសាសន៍ដ៏មុតមាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រសាសន៍ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល និងសេចក្តីប្រកាសរបស់សមាគមន៍ស្រូវ អង្ករកម្ពុជា៕