(ភ្នំពេញ)៖ ទីបំផុតកម្ពុជា បានរកឃើញហើយនូវអង្ករក្រអូប ផ្កាយរំដួល ៣សំណាកដើម្បីយកទៅចូលរួមប្រកួតប្រជែង អង្ករឆ្ងាញ់ជាងគេនៅលើពិភពលោក ដែលត្រូវប្រារព្ធឡើងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅថ្ងែនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និង សហព័ន្ធចុងភៅកម្ពុជា​ សម្រេចបាន​សំណាក​អង្ករដែលចាត់ទុក ជាផលិតផលល្អប្រចាំឆ្នាំនេះ សម្រាប់យក​ទៅចូល​រួម​​ប្រកួតប្រជែងនៅសន្និសីទស្រូវអង្ករពិភពលោកលើកទី៨។

សហព័ន្ធស្រូវអង្ករបាបញ្ជាក់ថា ក្នុងចំណោមសំណាកអង្ករទាំង១១ ដែលរោងម៉ាស៊ីន អ្នកនាំចេញ និង សហគមន៍​កសិកម្ម បានផ្ញើមកសម្រាប់ការធ្វើតេស្តនិងវាយតម្លៃ តាមរយៈដាក់​ពិន្ទុ​ដោយ​ប្រុង​ប្រយ័ត្ន គណៈកម្មការសម្រាប់បានសំណាក៤ មុនការ​ធ្វើ​តេស្ត​និង​វាយ​តម្លៃ​ឡើង​វិញ​ ដើម្បីដាក់ចំណាត់លេខ១ដល់លេខ៣ ដែលជា​សំណាក​យក​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។

លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ក្រោយ​ការ​វាយ​តម្លៃ​​ដោយ​យក​ចិត្តទុកដាក់ផ្អែកតាមលក្ខណៈវិនិច្ឆ័យដ៏តឹងតែង គណៈកម្មការវាយតម្លៃ បានសម្រេចយកសំណាកអង្ករចំនួន៣ ដែល​សមាជិក​របស់​សហព័ន្ធ​បាន​ផ្ញើ​មក​ពី​តាម​បណ្តាខេត្តនានា សម្រាប់ត្រៀមប្រកួតប្រជែងនៅពេលខាងមុខដ៏ខ្លីនេះ។

លោកឧកញ៉ា បានអះអាងថា សំណាកអង្ករទាំងនោះជាផលិតផលរបស់ជាតិ ហើយត្រូវបានលេខាធិការដ្ឋានរបស់សហព័ន្ធចុះលេខកូដ យ៉ាង​ប្រុងប្រយ័ត្ន​​និង​សម្ងាត់​បំផុត បន្ទាប់ពីទទួលបានពីសមាជិក ដើម្បីធានាដល់​ការ​ជ្រើសរើស​ប្រកប​ដោយ​សុក្រិ​ត្យភាព និង ផ្អែកតាមពិន្ទុខ្ពស់ជាងគេ តាមរយៈវាយ​តម្លៃ​ដោយ​ចុង​ភៅ​ចំណាន​ៗមកពីសណ្ឋាគារនិងហាងធំៗនៅកម្ពុជា និង អ្នកនាំចេញ​ដ៏​មាន​បទ​ពិសោធន៍​។

សំណាកគំរូទាំងនេះនឹងត្រូវនាំយកទៅកាន់ សន្និសីទស្រូវអង្ករពិភព​លោក​លើក​ទី៨​ ដែលប្រារព្ធឡើងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកាឆ្នាំ២០១៦នេះ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកនោះ លោក សុខ ពុទ្ធីវុធ ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករកម្ពុជា នឹងធ្វើបទបង្ហាញ ដល់ភ្ញៀវអន្តរជាតិ ដោយ​ភាគ​ច្រើន​ជា​ក្រុមហ៊ុន នាំចេញអង្ករនិងអ្នកផលិតអង្ករលំដាប់ពិភពលោក អំពីសក្តានុពល​អង្ករ​កម្ពុជា និង បញ្ហាពាក់ព័ន្ធនានា ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធចុងភៅកម្ពុជា ដែលបានចំណាយពេលវេលា និង កិច្ចខិតខំទាំងឡាយ ដើម្បីជ្រើសរើសអង្ករសម្រាប់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិរៀងរាល់លើក។  គណៈកម្មការធ្វើតេស្តនិងវាយតម្លៃ បានសំដែងសុទិដ្ឋិយមថា អង្ករកម្ពុជា​មាន​លក្ខណៈ​សម្បត្តិជាច្រើន អាចជាប់ជាអង្ករល្អបំផុតក្នុងពិភពលោកជាថ្មីទៀត។

សូមជម្រាបថា អង្ករកម្ពុជាធ្លាប់ទទួលបានជយលាភីជាអង្ករល្អបំផុតលើពិភពលោក៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២ ២០១៣ និង ២០១៤៕