(ព្រៃវែង)៖ ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីសុខទុក្ខរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកទាំង២ បានចាត់ឲ្យក្រុមការងារ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភា នាំយកអង្ករចំនួន ២៩,៥តោន ទៅប្រគល់ជូនអធិការនគរបាល ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ក្នុងឱកាសនោះ ក្រុមការងារនៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភា បានផ្តាំផ្ញើឲ្យអធិការនគរបាលទាំង២ស្រុក យកអង្ករដែលបានចែកជូននាពេលនេះ ទុកដើម្បីបម្រើការងារ​មនុស្សធម៌ ដូចជា ជួយឧបត្ថម្ភជាក់ស្តែងដល់គ្រួសារពលរដ្ឋក្រីក្រពិតប្រាកដ និងមានជីវភាពខ្វះខាតប្រចាំថ្ងៃ។

ជាមួយគ្នានោះដែរ ក្រុមការងារក៏បានណែនាំឲ្យអធិការនគរបាលទាំង២ស្រុក ត្រូវសហការជាមួយអជ្ញាធរពាក់ព័ន្ធ ឧស្សាហ៍ចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំង ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

សូមបញ្ជាក់ថា អង្ករចំនួន ២៩,៥តោន អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ទទួលបានអង្ករចំនួន៥០០គីឡូ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១១ ក្នុងមួយប៉ុស្តិ៍ទទួលបានអង្ករចំនួន ១៥០០គីឡូ។ ដោយឡែក អធិការនគរបាលស្រុកកញ្ជ្រៀច ទទួលបានអង្ករចំនួន៥០០គីឡូ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៨ ក្នុងមួយប៉ុស្តិ៍ទទួលបានអង្ករចំនួន ១៥០០គីឡូ៕