(ភ្នំពេញ)៖ ទូក ង មួយឈ្មោះថា «តាម៉ៅសែនជ័យ» មកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានចំនុះ២២នាក់ ខណៈដែលកំពុងអុំសាកល្បង ស្រាប់តែខុសបច្ចេកទេស បណ្តាលឲ្យលិចត្រង់ចំណុច តាមដងទន្លេសាប នៅវេលាម៉ោង១២៖២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប៉ុន្តែសំណាងល្អ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។

នៅពេលមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ភ្លាមៗ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃម្សិលមិញ មានទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែប៉ះជាមួយទូកទេសចរណ៍ដ៏ធំមួយ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង ហើយកីឡាករចំនួន២នាក់ ក្នុងចំណោម៩នាក់ បានបាត់ខ្លួន ដែលសង្ស័យបានស្លាប់បាត់ទៅហើយ។

រហូតមកដល់ថ្ងៃនេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ៕