(ភ្នំពេញ)៖ ឧត្តសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំជានាយករង នាយទាហានចំណុះទីចាត់ការនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាល និងនាំយកថវិកាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅឧបត្ថម្ភដល់កីឡាករទូកងឈ្មោះមហាគ្រុឌ វត្តនាគវ័ន្ត របស់ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលសរុបអ្នកអុំមានចំនួន១០៤នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្តាំផ្ញើរដល់បងប្អូនដែលជាកីឡាករចំណុះទូក ទាំងអស់ឲ្យខិតខំប្រឹងប្រែងរក្សាសុខភាព និងកម្លាំងឲ្យបានល្អ ជៀសវាងការសេពគ្រឿងស្រវឹង ចៀសវាងការប្រើប្រាស់គ្រឿងញៀន ហើយក៏មិនត្រូវទៅលួចរកសេវាផ្លូវ ដែលនាំឲ្យប្រឈមការកើតជំងឺអេដស៍ និងជំងឺកាមរោគផ្សេងៗនោះឡើយ។ ជាពិសេសប្រឹងប្រែងប្រកួតអុំទូកយកជ័យជំនះជាកិត្តិយស ជូនដល់មូលដ្ឋានរបស់ខ្លួន ក្នុងការប្រកួត នាថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា ខាងមុខនេះ។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានលើកឡើងអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យប្រទេសរីកចម្រើន មានសុខសន្តិភាព ហើយពិធីបុណ្យអុំទូកនៅឆ្នាំនេះ ក៏ត្រូវបានរៀបចំឡើងជាប្រពៃណីនិងបង្កភាព សប្បាយរីករាយដល់ បងប្អូនប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានឧបត្ថម្ភដល់ទូកងមហាគ្រុឌ វត្តនាគវ័ន្តនូវថវិកាចំនួន៤លានរៀល អង្ករចំនួន៣០០គ.ក ទឹកបរិសុទ្ធវីតាល់១២៥កេស និងទឹកក្រូចចំនួន៥០កេសផងដែរ៕