(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកានេះ អនុគណៈកម្មការការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានបង្ហាញ និងដាក់លេខទូរស័ព្ទ ក្នុងការទាក់ទងចំនួន៣ខ្សែ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចកីឡាករចំណុះទូកទាំងអស់ ងាយស្រួលទាក់ទង នៅពេលដែលជួបបញ្ហា សន្តិសុខ និងបញ្ហាសុខភាព។

លេខទូរស័ព្ទទាន់ហេតុការណ៍ ដែលដាក់ឲ្យប្រើប្រាស់ ទាំង៣ខ្សែនោះរួមមាន៖ ១១៧, ១១៨ និង ១១៩។

ក្នុងនោះផងដែរ អនុគណៈកម្មការការពារសន្តិសុខ ក៏បានដាក់ឲ្យប្រើប្រាស់ នៅគោលដៅមួយចំនួន ដែលអាចឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហាអាសន្នទាំងអស់នោះ អាចទៅដល់កន្លែងជួយសង្គ្រោះផ្ទាល់ដែរ រួមមាន៖ វិទ្យាល័យជ្រោយចង្វារ,​ កំពង់ផែភ្នំពេញ, ជិតក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (CDC), វត្តពុទ្ធយ៉ារាម (វត្តព្រះពុទ្ធ), ផ្សាររាត្រី, សាលាបបឋមសិក្សាក្បាលជ្រោយសាគូវ៉ា, មុខគណកម្មាធិការជាតិបុណ្យ-អន្តរជាតិ, សាលសន្និសីទចតុមុខ, ជិតសណ្ឋាគារហ៊ីម៉ាវ៉ារី, ជិតសណ្ឋាគារកាំប៊ូឌីយ៉ាណា, ខាងមុខស្តុបមិត្តភាពកម្ពុជា-វៀតណាម, ខាងមុខណាហ្គាវើល និង មជ្ឈមណ្ឌលកោះពេជ្រ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកកងកម្លាំងប្រដាប់អាវុធចម្រុះ ប្រើប្រាស់កម្លាំងប្រមាណ ជាង១ម៉ឺននាក់ នៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំ។

អនុគណៈម្មការ នៃគណៈបញ្ជាការកងឯកភាព បានត្រៀមប្រើប្រាស់រថយន្តសង្គ្រោះ ៣១គ្រឿង ជម្រកតង់ពិនិត្យសុខភាព ៩កន្លែង និងប្រើប្រាស់អូរប័រសង្គ្រោះលើផ្ទៃទឹក ៧០គ្រឿង នាវា ១១គ្រឿង ទូកយន្ត ១គ្រឿង ក្បាលសណ្តោង ១គ្រឿង ហើយក្រៅពីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងសម្ភារនានាជាច្រើនទៀត សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនកីឡាករ កីឡាការិនីអុំទូក ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលទស្សនាកម្សាន្តនៅក្នុង ឱកាសថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ៕

Advertising