(ភ្នំពេញ)៖ លោក អៀក ខែម នាយករងខុទ្ទកាល័យ សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់សម្តេចប្រធានរដ្ឋសភា ចែកជូនដល់ក្រុមកីឡាករ ប្រណាំង ទូកង មកពីខេត្តត្បូងឃ្មុំ ចំនួន ១៣ទូក ដើម្បីលើកទឹកចិត្តដល់ពួកគេសម្រាប់ចូលរួមប្រកួតរយៈពេល ៣ថ្ងៃ ។

លោក អៀក ខែម បានឱ្យដឹងថា អំណោយរបស់សម្តេចពញាចក្រី ហេង សំរិន ដែលត្រូវចែកចំណុះទូកទាំង១៣គ្រឿង នាពេលនេះ ក្នុងនោះ ១០ទូក ទទួលបាន ថវិកា ១៥លានរៀល អង្ករ ៣តោន ទឹកសុទ្ធ ២០០យួរ មី៣កេសធំ និងប្រេងកូឡា ១៦ឡូ។ដោយឡែកទូកចំនួន ៣គ្រឿងទៀត ទទួលបានថវិកា ១០លានរៀល អង្ករ ៣០០គីឡូក្រាម ទឹកសុទ្ឋ ១៥០យួរ មី ២កេសធំ គោជល់ ១៥កេស ទឹកក្រូច ១៥កេស និងប្រេងកូឡា ២ឡូ ។

គ្រឿងឧបភោគបរិភោគទាំងអស់នេះ គឺសម្រាប់ផ្គត់ផ្គង់ និងសម្រួលដល់ការស្នាក់នៅ របស់ក្រុមកីឡាករទូកទាំងអស់ ក្នុងអំឡុងពេលហ្វឹកហាត់សម និងចូលរួមប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ជាមួយគ្នានេះ លោកនាយករងខុទ្ទកាល័យ ក៏បានផ្តាំផ្ញើដល់បងប្អូនគ្រប់គ្នា ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ចៀសវាងការកើតមាននូវការរាគរូស ធ្វើអោយបាក់កម្លាំងខកខានមិនចូលរួមប្រកួត ។
លោកនាយករង ក៏បាននាំនូវការជូនពរ របស់សម្តេចមហាសេនាពញាចក្រី ហេង សំរិន ជូនដល់ក្រុមកីឡាករទាំងអស់ សូមឲ្យទទួលបានជ័យជម្នះ និងកិត្តិយសជូនខេត្តត្បូងឃ្មុំឲ្យបាន៕