(ប៉ៃលិន)៖ គូរស្នេហ៍១គូ​​​បើកបរ​ម៉ូតូ​ ​MSX​ ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកនិងដុំថ្ម ដែលនៅម្ខាងផ្លូវ រួចធ្លាក់ចូលប្រឡាយបណ្តាលឲ្យខាងស្រីស្លាប់​ ចំណែក​ខាងប្រុស​រងរបួសធ្ងន់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍​នេះកើតឡើង នៅវេលាម៉ោង០២៖១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ជុំ វឿន នាយប៉ុស្តិ៍​រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា នារីវ័យក្មេងដែលស្លាប់ឈ្មោះ ឈន ស្រីអែម អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ (ស្លាប់និងកន្លែង) ចំណែកបុរសដែលជាអ្នកបើកបរឈ្មោះ យ៉ាន ដាហ្វីន អាយុ១៩ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងន់ដោយបើកម៉ូតូម៉ាក់ MSX ពណ៌ខៀវ គ្មានស្លាកលេខ បើកបរពីត្បួងទៅជើងក្នុងបំណងទៅស្រុកសាលាក្រៅ។

​សមត្ថកិច្ច​បន្តថា​ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដែលមានសំឡេងខ្លាំង មួយសន្ទុះក្រោយមកស្រាប់តែ បាត់សំឡេងរួចក៏នាំគ្នាទៅមើល ក៏ឃើញគូស្នេហ៍​១ គូរស្លាប់នេះ ស្លាប់​ម្នាក់​ និងរងរបួសធ្ងន់ម្នាក់។ ក្រោយពី​កើត​ហេតុ​សមត្ថកិច្ច​ បានដឹកជនរងគ្រោះ​ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។

​ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចចរាចរណ៍ស្រុកសាលាក្រៅ ចុះមកពិនិត្យ ព្រមទាំងប្រគល់សាកសពឲ្យក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយតាមនីតិវិធី៕