(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០១៦​នេះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា​ និងសហការី រួមជាមួយមន្ត្រី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍​ ចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យ ព្រមទាំងគ្រឿងឧបភោគ-បរិភោគ មួយចំនួន ទៅចូលបុណ្យ៧ថ្ងៃ សពលោក យ៉េន​រីណង់​ ជាពលទោរៀនផ្នែកគីមីសាស្ត្រ​បម្រើការងារនៅកងពលតូច ង.៧០ បានទទួលមរណភាពដោយសារក្រុមចោរបាញ់ស្លាប់ភ្លាមៗ កាលពីថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៦ កន្លងទៅនេះ​ក្នុងអាយុ២២ឆ្នាំ​នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី​ នៅស្រុកកំណើតស្ថិតនៅភូមិសំរោង​ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​និងសម្ដែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាមួយឪពុកម្តាយនៃសព ដែលបានបាត់បង់កូនប្រុសតែមួយគត់ជាទីស្រឡាញ់ទាំងនៅក្មេងវ័យ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព​ សូមឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អ្នកស្រី សែន​ចិត្ត អាយុ៤៩ឆ្នាំ​ជាម្តាយនៃសព បានថ្លែងទាំងអួលដើមក​និងក្តីអាល័យចំពោះ​កូនប្រុសដែលជាយុទ្ធជន គួរណាស់តែបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ​ ឬក្នុងសមរភូមិ មិនគួរណាមានវាសនាបែបនេះទេ។​ ទន្ទឹមនឹងនោះ ពួកគាត់បានលើកដៃប្រណម្យ សម្ដែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្ត ជ្រះថ្លា សណ្តោសប្រណី ដែលបានចាត់ សហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ មកចូលបុណ្យ និងសូមជូនពរដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះ តែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

">











Advertising