(ភ្នំពេញ)៖ កម្លាំងនគរបាល និងអាវុធហត្ថនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ដបើកកិច្ចប្រជុំដើម្បីរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលចាប់ផ្តើមឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការណគរបាលជាតិ នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ក្នុងនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់ ឧត្តមសេនីយ៍ អ៊ឹង បូរ៉ា ឧត្តមសេនីយ៍ សុខ ខេមរិន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ដ្រីនគរបាលជាន់ខ្ពស់ មួយចំនួនទៀតផងដែរ ដែលបានប្រព្រឹត្តទៅនៅ សាលប្រជុំនាយកដ្ឋានអង្គរក្ស។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃស្អែកនេះ កងកម្លាំងប្រដាប់អាវុធចម្រុះ នឹងប្រើប្រាស់កម្លាំងប្រមាណ ជាង១ម៉ឺននាក់ នៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំ។ អនុគណៈម្មការ នៃគណៈបញ្ជាការកងឯកភាព បានត្រៀមប្រើប្រាស់រថយន្តសង្គ្រោះ ៣១គ្រឿង ជម្រកតង់ពិនិត្យសុខភាព ៩កន្លែង និងប្រើប្រាស់អូរប័រសង្គ្រោះលើផ្ទៃទឹក ៧០គ្រឿង នាវា ១១គ្រឿង ទូកយន្ត ១គ្រឿង ក្បាលសណ្តោង ១គ្រឿង ហើយក្រៅពីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងសម្ភារនានាជាច្រើនទៀត សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនកីឡាករ កីឡាការិនីអុំទូក ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលទស្សនាកម្សាន្តនៅក្នុង ឱកាសថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ៕