(ភ្នំពេញ)៖ ករណីរំលោភសេពសន្ធវៈមួយបានកើតឡើង នៅក្នុងហាងកាត់សំលៀកបំពាក់មួយកន្លែង ដែលបុរសម្នាក់ឡើងភ្លើងកម្តៅស្នេហា បានចាប់រំលោភនារីម្នាក់ដែលជា​ អតីតសង្សារបានសម្រេច បន្ទាប់មកក៏ត្រូវបងប្អូននារីរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ស្ថិតក្នុងផ្ទះលេខ៤១ ផ្លូវ៤២ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះដែលពោលពេញទៅរូបសម្រស់ស្រស់សោភា ត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្នុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ បានមករៀនកាត់សំលៀកបំពាក់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ​។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់ លើស្រែកហៅនារីរងគ្រោះ យកទូរស័ព្ទទៅឲ្យខ្លួន ពេលនោះនារីរងគ្រោះបានយកទៅឲ្យដល់បន្ទប់ ភ្លាមនោះស្រាប់តែជនសង្ស័យ ក៏បានចាប់ទាញដៃ និងធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ ក្រោយពេលធ្វើសកម្មភាពរួច នារីរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្អូន ពីរឿងរ៉ាវនេះ​ ហើយត្រូវបងប្អូនចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបញ្ជូនខ្លួនទៅសួរនាំ ដើម្បីស្រាវជ្រាវ និងចាត់ការបន្ដ៕