(ភ្នំពេញ)៖ ក្រុមហ៊ុន SIEMENS ដែលគេដឹងថា ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូចនិកដ៏ធំមួយនៅលើពិភពលោក បានបង្ហាញពីបំណងចង់វិនិយោគលើការ​បណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកបង្កើនសមត្ថភាពអ្នកបច្ចេកដល់និស្សិតកម្ពុជា។

បំណងរបស់ក្រុមហ៊ុន SIEMENS នេះបានស្តែងឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី (Markus Lorenzini) នាយកប្រតិបត្តិក្រុមហ៊ុន SIEMENS ប្រចាំអាស៊ាន នៅថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី បានថ្លែងគូសបញ្ជាក់ថា ក្រុមហ៊ុន SIEMENS មានវត្តមានលើទីផ្សារក្នុងពិភពលោកចំនួន ១៦៥ឆ្នាំមកហើយ ដោយប្រតិបត្តិការផ្គត់ផ្គង់​ប្រព័ន្ធថាមពលអគ្គិសនី និងផលិតផលអេឡិចត្រូនិក។

លោកនាយកប្រតិបត្តិ បានបញ្ជាក់ថា ក្រុមហ៊ុនលោកមានបំណងពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន SIEMENS នៅកម្ពុជាថែមទៀត ដោយចាប់ផ្តើមពីការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈធ្វើកិច្ចសហការជាមួយមហាវិទ្យាល័យក្នុងស្រុក ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេក ទេសដល់យុវជនកម្ពុជាសំដៅឈាន​ទៅបង្កើតប្រព័ន្ធថាមពលអគ្គីសនី និងឧបករណ៍អេឡិចត្រូនិក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងលើពិភពលោក។

លោក ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន SIEMENS និងបានចែករំលែកពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី ក៏បានស្នើដល់លោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី ពិនិត្យលទ្ធភាព​វិនិយោគបង្កើតសេវាកម្ម​រថភ្លើងអាកាស​នៅកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា​កកស្ទះ​ចរាចរណ៍ ដោយសារអាល្លឺម៉ង់ គឺជាប្រទេសល្បីល្បាញ​ខាងផ្នែកប្រតិបត្តិការរថភ្លើងអាកាស។

លោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី បានសន្យាទទួលយកសំណើរ​បស់លោករដ្ឋមន្ត្រី ទៅសិក្សាបន្ថែម និងឆ្លើយតបក្នុងពេលឆាប់ៗ​ខាងមុខ៕