(ភ្នំពេញ)៖ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ និងពោរពេញដោយថាមពល សមត្ថភាព ដែលនឹងក្លាយជាអ្នកបន្តវេន ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន និងជឿនលឿន នៅថ្ងៃខាងមុខ ដើម្បីក្លាយខ្លួនជាយុវជនគំរូក្នុងសង្គម។

សម្តេច ហេង សំរិន បានបន្តថា «ក្មួយៗត្រូវមានទំាងសុខភាព ចំណេះដឹងខ្ពង់ខ្ពស់ ចំណេះធ្វើ សីលធម៌ គុណធម៌ និងចរិយាសម្បត្តិ ថ្លែថ្នូរ សក្តិសមជាយុវជនគំរូ និងចូលរួមក្នុងសកម្មភាព នានា ដែលមានអត្ថប្រយោជន៍ ជួយដល់សង្គមរបស់យើង»

ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានមានប្រសាសន៍ឲ្យដឹង ខណៈសម្តេចតេជោ ជួបសំណេះសំណាល និងផ្តល់ អនុសាសន៍ដល់វាគ្មិនយុវជនទំពាំងស្នងឬស្សី ចំនួន២៤២នាក់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំ ដោយលោក សាយ សំអាល់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។

លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា «ថ្ងៃនេះពួកយើងខ្ញុំ ដែលជាយុវជន ជាទំពាំងស្នងឬស្សី ពិតជាមានសំណាងណាស់ ដែលបានសម្តេចចំណាយពេលវេលាដ៏មានតម្លៃទទួលជួប សំណេះសំណាល និងបានចែករំលែកបទពិសោធន៍ផ្ទាល់របស់សម្តេច ដល់ពួកយើងខ្ញុំ។ សម្តេចជាឥស្សរជនយ៉ាងសំខាន់ ដែលមានបទពិសោធន៍តស៊ូ ក្នុងការរំដោះប្រទេសជាតិ ហើយចូលរួម កសាងសុខ សន្តិភាព ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ពីដើមរហូតដល់ពេលបច្ចុប្បន្ននេះ» ។

លោក ឡុក សំរិត ជាយុវជនម្នាក់ក្នុងចំណោមយុវជន ដែលបានចូលរួមក្នុងកម្មពិធីសំណេះសំណាលនាពេលនេះ បានចាត់ទុកថា នេះជាឱកាសកម្រមួយ ដែលរូបគេបានស្តាប់ពីប្រវត្តិសាស្រ្តប្រទេស របស់ខ្លួន ពីឥស្សរជនកំពូល និងបានឆ្លងកាត់ របបដឹកនាំជាច្រើន។ យុវជន ឡុក សំរិត បានយល់ឃើញថា ទំរាំប្រទេសកម្ពុជាមានអ្វីៗគ្រប់យ៉ាងដូចពេលបច្ចុប្បន្ននេះ ពិតជាបានឆ្លងកាត់រឿងរាវ និងការលំបាកជាច្រើនដូច្នេះ ក្នុងនាមជាយុវជនទំពាំងស្នងឬស្សី គឺត្រូវខិតខំធ្វើការយ៉ាង ថែរក្សា សុខសន្តិភាព និងស្ថិរភាពសង្គមឲ្យបាន ដើម្បីកុំឲ្យកម្ពុជាធ្លាក់ទៅក្នុងភ្លើងសង្រ្គាមម្តងទៀត។ សង្រ្គាមដែលពលរដ្ឋកម្ពុជា ពិសេសយុវជន មិន ចង់បាននោះទេ។

គួរបញ្ជាក់ថា វាគ្មិនយុវជនទំពាំងស្នងឬស្សី ចំនួន២៤២នាក់ គឺមកពីបណ្តាក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ខណ្ឌ សមាគម នៅក្នុងរាជធានីភ្នំពេញ ហើយពួកគេបានទទួលការបណ្តុះបណ្តាលជំនាញ ចំណេះដឹង ជាច្រើននាពេលកន្លងមក ក្នុងការពង្រឹងសមត្ថភាព ឲ្យក្លាយជាធនធានប្រកបដោយសក្តានុពល សម្រាប់ចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ នាពេលខាងមុខ។ ការបណ្តុះបណ្តាល ដល់យុវជនទំពាំង ស្នងឬស្សី មានច្រើនកម្មវិធី ច្រើនរូបភាព ព្រមទាំងការអនុវត្ត ការងារផ្ទាល់ ដូចជា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តជាដើម ដែលជាបរិយាកាសមួយ ជំរុញឲ្យយុវជនមានសាមគ្គីភាព មានការទទួលខុសត្រូវ ហើយយល់ដឹងពីវប្បធម៌ ប្រពៃណីរបស់ខ្លួនផងដែរ៕