(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយមមួយ និងមានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាននឹងធ្វើសមាជវិសាមញ្ញមួយនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីផ្លាស់ប្តូររូបសញ្ញាគណបក្ស កែសម្រួលរចនាសម្ព័ន្ធ លក្ខន្តិកៈ និងគោលនយោបាយមួយចំនួន។

ការកែប្រែនេះក្នុងគោលបំណងទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ។

យោងតាមលិខិតផ្ញើជូនសមាជិក សមាជិកា ដែល Fresh News ទទួលបាន លោក សាយ ហាក់ អគ្គលេខាធិការប្រតិបត្តិគណបក្ស ហ៊្វុន ស៊ិនប៉ិចបានឲ្យដឹងថា អង្គសមាជវិសាមញ្ញគណបក្សនៅថ្ងៃស្អែកនេះ ធ្វើឡើងនាសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ ក្រោមព្រះអធិបតីភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ផងដែរថា គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងផ្លាស់ប្តូររូបសញ្ញាគណបក្សសាជាថ្មី ដោយដាក់ជំនួសមកវិញនូវរូបសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចំកណ្តាល ដោយមានកាំរស្មីអមសងខាងផងដែរ៕