(ភ្នំពេញ)៖ កិច្ចពិភាក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយប្រជាពលរដ្ឋ ៥៥៤គ្រួសារ រស់នៅសហគមន៍ប៊ូឌីញ ឬហៅអគារ «ស» ជុំវិញគម្រោង​អភិវឌ្ឍន៍អគារប៊ូឌីញ មិនទាន់មានលទ្ធផលនៅឡើយទេ ហើយគ្រោងលើក​យក​មកពិភាក្សា​បន្ត​នៅក្រោយព្រះរាជពិធី​​បុណ្យអុំទូក ខណៈពលរដ្ឋភាគច្រើន​ចង់បានលុយសំណង យកទៅទិញផ្ទះថ្មីមិនចង់រង់ចាំ​​រស់នៅក្នុង​អគារប៊ូឌីញ ដែលធ្វើថ្មីនោះឡើយ។

ការពិភាក្សាជាលើកទីពីរត្រូវ​បានធ្វើឡើង​នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Arakawa របស់ជប៉ុន ដែលជាក្រុមហ៊ុនអនុវត្តគម្រោងអភិវឌ្ឍអគារប៊ូឌីញ ជាមួយពលរដ្ឋសហគមន៍ប៊ូឌីញ​ជាច្រើនរយនាក់ផងដែរ។

ពលរដ្ឋសហគមន៍ប៊ូឌីញ «ស» បានលើកឡើងថា ពួកគាត់ភាគច្រើនចង់បានលុយនេះ ដើម្បីយកទៅទិញផ្ទះដោយខ្លួនឯង និងបង្កើតមុខរបររកស៊ីបន្ថែមទៀត។

មូលហេតុដែលប្រជាពលរដ្ឋចង់បានថវិកានេះ ដោយសារតែពួកគាត់មិនអាចរង់ចាំការសាងសង់អគារថ្មី ដែលមានរយៈពេលរហូតដល់ទៅ ៤ឆ្នាំបាននោះឡើយ។ ក្រុមប្រជាពលរដ្ឋបានបន្តថា បើទោះបីពួកគាត់យកលុយសំណងទៅ ទិញផ្ទះបាន ឬ មិនបានវាជាជម្រើសរបស់គាត់ សុំតែឲ្យក្រសួងធ្វើតាមសំណើ​របស់ពួកគាត់ទៅបានហើយ ប្រសិនបើក្រសួងធ្វើមិនបានទេ ពួកគាត់សុខចិត្តបន្ដរស់នៅអគារប៊ូឌីញ «ស» ចាស់នេះបន្ដទៀត។

លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានពន្យល់ប្រាប់ពលរដ្ឋថា ប្រសិនបើពលរដ្ឋចង់បានលុយនេះ លោកខ្លាចក្រែងពលរដ្ឋយកទៅប្រើប្រាស់ខុសពេលវេលា ដែលនាំឲ្យមានការខាតបង់កាន់តែធ្ងន់ធ្ងរ។ មួយវិញទៀតប្រសិនបើពលរដ្ឋ​យកលុយទៅតាមអ្វី ដែលគាត់ត្រូវការ គឺទិញផ្ទះមិនបានក្នុងទីក្រុងនោះទេ ពោលនៅជាយក្រុង​ឯណោះ ហើយវាកាន់តែពិបាក​ដល់ពួកគាត់បន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុង​ការសិក្សារវាង​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀម​ធ្វើទីតាំងចំណត ៣ជាន់ កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ដែលបន្ទប់ស្នាក់នៅ​នីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩​ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕