(ក្រចេះ)៖ មន្រ្ដីកាំកុងត្រូលសាខាខេត្តក្រចេះ សហកាជាមួយមន្ទីពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យមើល ការដាក់តាំងលក់នូវផលិតផល ម្ហូបចំណីអាហារ នៅក្នុងផ្សារសាមគ្គីក្រុងក្រចេះ និងតាមផ្ទះលក់អីវ៉ាន់មួយចំនួនទៀត នៅក្នុងទីរួមក្រុងក្រចេះ ជាលទ្ធផលក្រុមមន្រ្តីបានរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន ហើយបានរឹបអូសដើម្បីទុក កម្ទេចចោល។

ការចុះត្រួតពិនិត្យផលិតផល ម្ហូបអាហារ និងទំនិញដាក់លក់នៅតាមផ្ទះ បានធ្វើឡើងនៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមការដឹកនាំពីលោក យាង បាក អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ។

លោក យាង បាក បានបញ្ជាក់ថា «អាជីវករមួយចំនួន នៅពុំទាន់យល់ដឹងច្បាស់អំពីការទុកដាក់ទំនិញ ឬពិនិត្យទៅលើកាលបរិច្ឆេទ និងទំនិញដែលមានស្ដង់ដារ​សមស្របទៅតាមការណែនាំរបស់មន្រ្ដីកាំកុងត្រូល ក្នុងការរៀបចំទុកដាក់ និងរក្សាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់នៅឡើយ»

បន្ថែមទៀតនោះ លោកបានណែនាំដល់អាជីវរកលក់ដូរទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងកាពិនិត្យមើលទៅលើគ្រប់មុខ​ចំណីអាហារឬផលិតផលទាំងនោះ មុននិងលក់ដូរជូនដល់អ្នកប្រើប្រាស់ ឬអ្នកចែកចាយបន្ត។

លោកបានលើកឡើងថា ការដែលអាជីវករមិនទាន់យល់ដឹងអំពីផលិតផល ម្ហូបអាហារ ទំនិញខូចគុណភាព និងការដាក់តាំងលក់ដូរ នំចំណី និងផលិតផលមួយចំនួន​ហួសកាលបរិច្ឆេទប្រើប្រាស់នោះ គឺវាអាចបង្កឱ្យមានជំងឺផ្សេងៗ និងប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់គ្នាផងដែរ។

លោក យាង បាក បានបញ្ជាក់ថា «ចាប់ពីពេលនេះតទៅបន្ទាប់ពីបានចុះណែនាំ និងអប់រំរួចមក ប្រសិនបើលើកក្រោយ រកឃើញថា មានផលិតផល ទំនិញណាដែល​ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានស្លាកសញ្ញាត្រឹមត្រូវ មន្រ្ដីកាំកុងត្រូលនឹងដកហូតយកទាំងអស់ ហើយនឹងអាចឈានទៅពិន័យថែមទៀត»

ជាពិសេស ណែមដែលគេបានដាក់តាំងលក់ជាហូរហែរ ត្រូវបានគេសង្ស័យថា មានផ្ទុកសារធាតុបន្ថែម (សារធាតុគីមី) ប៉ុន្តែជាលទ្ធផល ក្រោយពេលមន្ត្រីជំនាញ​កាំកុងត្រូលធ្វើតេស្ដ មិនបានរកឃើញនូវសារធាតុគីមីឡើយ។

ក្នុងនោះដែរ លោក ក៏បានធ្វើការអំពាវនាវដល់អាជីវករទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញ គ្រប់ប្រភេទដែលបានដាក់លក់ ត្រូវពិនិត្យលើស្លាកសញ្ញាឱ្យបានត្រឹមត្រូវ និងមានកាលបរិច្ឆេទច្បាស់លាស់ ចៀសវាងដាក់លក់ទំនិញខូចគុណភាព បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

បងស្រី ផល្លា អ្នកលក់ក្រឡាន និងណែម នៅខេត្តក្រចេះ បានឲ្យដឹងថា រូបបងស្រី សប្បាយចិត្តទ្វេរដង នៅពេលដែលក្រុមការងារបានចុះពិនិត្យនូវគុណភាព ផលិតផល ម្ហូបចំណីអាហារ នៅក្នុងក្រុងក្រចេះ ព្រោះបានបញ្ជាក់ឲ្យដឹងថា ចំណីអាហារ (ណែម) ដែលធ្វើនៅក្នុងខេត្តក្រចេះ គ្មានជាតិគីមី ៕