(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ជំនួបពិភាក្សាជាមួយអគ្គនាយកថ្មី នៃក្រុមការងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ (KOTRA) នៅព្រឹកថ្ងៃ០៨ ខែវិច្ឆិកានេះរួចមក លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា លោក គ្រោងនឹងស្នើសុំការអនុញ្ញតិពីរាជរដ្ឋាភិបាល​ ដើម្បីរៀបចំពិធីបុណ្យស្រូវ និងបុណ្យចំបើងរបស់ប្រជាកសិករខ្មែរ ជាលើកទី៣ ក្នុងទឹកដីខេត្តសៀមរាប នាដើមខែកម្ភះ ឆ្នាំ២០១៧ ខាងមុខនេះក្រោមកិច្ចសហការរៀបចំ និងចូលរួមពីក្រសួង-ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាទីស្ដីការក្រសួងទេសចរណ៍ លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា «កាលពីដើមឆ្នាំ២០១៦ កន្លងទៅ ខាង KOTRA សហការជាមួយក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានចូលរួមរៀបចំបុណ្យស្រូវ និងបុណ្យចំបើង លើកទី២នៅឯខេត្តបន្ទាយមានជ័យ ហើយនៅឆ្នាំ២០១៧ ខាងមុខនេះ ខាង KOTRA គ្រោងនឹងរៀបចំបុណ្យដូចគ្នាហ្នឹង នៅខេត្តសៀមរាបវិញម្ដង ដែលខាងភាគី KOTRA បានទៅសិក្សារួចហើយ ហើយទីតាំងដែលត្រូវប្រារព្ធធ្វើនោះ ស្ថិតក្នុងសង្កាត់សម្បូរ ក្រុងសៀមរាប ចម្ងាយ៧គីឡូម៉ែត្រ ពីក្រុងសៀមរាប»

លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំពិធីបុណ្យស្រូវនេះ គឺដើម្បីផ្សព្វផ្សាយពីសក្តានុពល វិស័យកសិ-ទេសចរណ៍ ទៅកាន់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យបានឃើញពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់រស់នៅ របស់កសិករ ទេសភាពជនបទស្រុកស្រែដ៏ល្អគ្មានពីរ ដែលលាតសន្ធឹងពាសពេញប្រទេសកម្ពុជា សំដៅទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្ត និងស្នាក់នៅផ្ទាល់ជាមួយគ្រួសារប្រជាកសិករខ្មែរ ដល់មូលដ្ឋានតែម្ដង។

បើតាមលោករដ្ឋមន្រ្តី ថោង ខុន ក្រៅពីក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្ប និងក្រុមការងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ (KOTRA) ពិធីបុណ្យស្រូវ និងបុណ្យចំបើងលើកទី៣នេះ ក៏មានការចូលរួមពីក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សហព័ន្ធស្រូវអង្ករ, អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីឲ្យពិធីបុណ្យប្រពៃណីនេះ កាន់តែមានភាពអធឹកអធ័មសប្បាយរីករាយ៕