(ភ្នំពេញ)៖ តំណាងសិស្សវិទ្យាល័យទឹកល្អក់ចំនួន១១០នាក់ រួមទាំងលោកគ្រូ អ្នកគ្រូ និងអាជីវករលក់ដូរ ក្នុងសាលាមួយចំនួនទៀត នៃវិទ្យាល័យទឹកល្អក់នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទទួលបានការបណ្តុះ បណ្តាលអំពីសុវត្ថិភាពចំណីអាហារ និងកិច្ចការបារអ្នក ប្រើប្រាស់ពីមន្ត្រីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ។

លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា វិទ្យាល័យទឹកល្អក់ គឺជាគ្រឹស្ថានសិក្សាទី១ ដែលត្រូវបានទទួលការបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នេះ។ 

លោកបានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋាន និងដាច់ដោយឡែកពីគ្នាដល់​មន្ត្រីមូលដ្ឋានអាជីវករលក់ដូរ  អ្នកផលិត អ្នកចែកចាយចំណីអាហារ និងសិស្សសាលា នៅទូទាំងប្រទេសកម្ពុជា នូវវិធីសាស្ត្រគ្រប់គ្រប់ម្ហូបអាហារអោយមានសុវត្ថិភាព របៀបនៃការដាក់តាំងលក់ របៀបនៃការថែរក្សា និងការចំអិនម្ហូបអាហារឲ្យមានសុវត្ថិភាព ​ក៏ដូចជារបៀបនៃការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពផងដែរ។

លោក ខៀវ បញ្ញាវឌ្ឍន៍ ក៏បានឲ្យដឹងផងដែរថា វិធីសាស្ត្រនៃការធ្វើអនាម័យមុន និងក្រោយពេលចំអិន និងបរិភោគអាហារ របៀបនៃការបរិភោគអាហារ អាហារូបត្ថម្ភចាំបាច់ ដែលងាយរកនិងមាន​ផលប្រយោជន៍ ដល់សុខភាព ដូចជាសារធាតុអ៊ីយ៉ូត ដែលអាចរកបានយ៉ាងងាយ ក្នុងអំបិលអ៊ីយ៉ូត ក៏ត្រូវបានដាក់បញ្ចូលក្នុង​ កម្មវិធីផ្សព្វផ្សាយនេះដែរ។ លោកបានសង្កត់បន្ថែមថា បទដ្ឋានគតិយុទ្ធ ក្នុងការទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងការលបលួចនាំចូល​ចែកចាយ ​និងផលិត ទំនិញមិនមានសុវត្ថិភាព និងទួនាទីរបស់អ្នកប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញលើកយកមកផ្សព្វផ្សាយ ផងដែរ។

លោក ខៀវ បញ្ញាវឌ្ឍន៍ បានសង្កត់ធ្ងន់ថា​ ការទប់ស្កាត់ទំនិញហូបចុក ដែលលបលួចនាំចូល តាមមាត់ច្រក ព្រំដែន មួយផ្នែកមិនគ្រប់គ្រាប់ទេ​ ប៉ុន្តែវិធានការបង្ក្រាប នៃការលបលួចផលិតចំណី អាហារមិនមានសុវត្ថិភាព ដោយជនខិលខូចមួយចំនួនតូច  និងការត្រួតពិនិត្យទៅលើទំនិញដាក់តាំងលក់ខុសបច្ចេកទេស  និងការ រក្សាស្តុកទុកយូររហូតដល់ហួសកាលបរិច្ឆេទ ក៏ជាវិធានការសំខាន់​មួយទៀត ដែលអគ្គនាយកដ្ឋានកាំកុង ត្រូលត្រូវតែធ្វើក្នុងផ្ទៃប្រទេសជានិច្ចនិរន្ត។  យុទ្ធនាការនៃការអប់រំផ្សព្វផ្សាយ អំពីចំណេះដឹងសុវត្ថិភាព ចំណីអាហារ ជាសារធារណៈ ក៏ត្រូវតែបន្តធ្វើ និងមានកម្មវិធីកំណត់ច្បាស់លាស់ស់។

ក្នុងនាមអគ្គនាយកដ្ឋានកាំកុងត្រូល លោក ខៀវ បញ្ញាវឌ្ឍន៍បានសំណូមពរដល់បងប្អូនដែលជាអាជីវករ  អ្នក ផលិត  និងអ្នកនាំចូល មេត្តាសហការជាមួយស្ថាប័នជំនាញ  ដោយទទួលខុសត្រូវខ្ពស់ ចំពោះទំនិញនិង សកម្មភាពរបស់ខ្លួន​គិ​តដល់សុខភាពសាធារណៈនិង​សុខមាលភាពសង្គម​ រួមចំណែកទាំងអស់គ្នាក្នុង ការកសាងនិងអភិវឌ្ឍប្រទេស។ ​លោកក៏​បានសំណូមពរ ដល់សារធាររណជន​ទាំងអស់ ដែលប្រើប្រាស់ បណ្តាញសង្គម  សូមមេត្តាចែករំលែកព័ត៌មាននិងចំណេះដឹងដែលប្រកបដោយការ សីលធម៌ និងមាន លក្ខណៈវិទ្យាសាស្ត្រ ចៀសវាងការបំពុល បរិយាកាសសង្គម ទៅតាមរូបភាពផ្សេងៗ។

លោកក៏បានទទូច អោយប្រជាពលរដ្ឋទាំងអស់ មេត្តាសហការ ផ្តល់ពត៌មាន ដល់មន្ត្រីជំនាញកាំកុងត្រូលនិងស្ថាប័នពាក់ព័ន្ធតាម Hotline ដែលបានប្រកាសជាសាធារណៈ  នូវរាល់បទលើស​ចំណីអាហារ​ទាំងឡាយណា ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ អោយបានទាន់ពេលវេលា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕