(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group មិនមានគណនី Facebook ផ្លូវការនោះទេ ហើយអ្នកឧកញ៉ា គ្រោងនឹងស្នើទៅក្រុមហ៊ុន Facebook ដើម្បីបិទគណនីក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះរបស់គាត់ ដើរបោកបញ្ឆោតមហាជន នេះបើយោងតាមលោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ CTN និង CNC។

អ្នកឧកញ៉ា គិត ម៉េង ត្រូវបានជនខិលខូចមួយចំនួន បង្កើត Account Facebook យ៉ាងហោចចំនួន៤ ដោយយកឈ្មោះ និងរូបថតអ្នកឧកញ៉ា​​ គិត ម៉េង ឬ​ដាក់ថា Kith Meng ឬ​​ Kith meng ហើយអ្នកឧកញ៉ា មិនដឹងពីគោលបំណងជនទាំងនោះឡើយ ប៉ុន្ដែមិនថាជននោះ បង្កើតក្នុងគោលបំណងអ្វីនោះទេ អ្នកឧកញ៉ា នឹងស្នើក្រុមហ៊ុនដើម្បីបិទចោលទាំងអស់។

លោក ហ៊ុយ វណ្ណៈ ដែលគេដឹងថាជាមនុស្សជំនិតរបស់ អ្នកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ថា «មានគេបង្កើត Account Facebook យ៉ាងហោចចំនួន៤ ដោយយកឈ្មោះ និងរូបថតអ្នកឧកញ៉ា​​ គិត ម៉េង ឬ​ ដាក់ថា Kith Meng ឬ​​ Kith meng។ អ្នកឧកញ៉ា គិត ម៉េង គ្មាន​ គណនី Facebook ផ្ទាល់ខ្លួនទេ ហើយគាត់ក៏មិនប្រើ Facebook ដែរ»។

ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ បន្ថែមថា សូមឲ្យសាធារណជន កុំចាញ់កលឧបាយ ឬការឆបោកណាមួយ ជាទស្សនៈ ដំណឹង ឬអ្វីផ្សេងទៀតក្តី ដែលបង្កឡើងដោយគណនេយ្យ Facebook ដូចមានក្នុងរូបខាងលើនេះ​៕