(សៀមរាប)៖ ដើមគ្រញូងចំណាស់មួយដើម ដែលមានអង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធុអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានជនខិលខូចលួចអារដោយរណាយន្ត នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។

លោក ចេវ ផល ប្រធានការិយាល័យបរិស្ថាន នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិបានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលានេះថា ដើមគ្រញូងខាងលើ ត្រូវបានជនខិលខូចលួចអារកាត់តាំងពីយប់ថ្ងៃទី០៤ តែមិនទាន់ដួលរលំទេ។ នៅរសៀលថ្ងៃទី៥ ខែតុលា លោកបានទទួលដំណឹងតាមរយៈលោកមេភូមិនគរក្រៅថា មានករណីលួចអារកាត់ដើមគ្រញូងនៅទីតាំងខាងលើ ទើបក្រុមការងាររបស់លោក បានទៅពិនិត្យដល់ទីតាំងផ្ទាល់ ហើយបានឃើញថា ដើមគ្រញូងនេះ ត្រូវបានជនខិលខូចលួចកាត់មែន នៅសល់តែប្រមាណ ២តឹកទៀតប៉ុណ្ណោះ ហើយជនខិលខូចបានយកបេះស្លឹកឈើញាត់ក្នុងប្រហោងដែលអារ ព្រមទាំងលាបភក់បិទពីខាងក្រៅទៀតផង។

ដោយពិនិត្យឃើញថា ដើមគ្រញូងនេះច្បាស់ជានឹងដួលរលំបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ឬចូលជ្រក និងដើម្បីយកដើមគ្រញូងនេះមករក្សាទុក ជៀសវាងជនខិលខូចលួចកាត់បន្តនៅពេលយប់ ក្រុមការងាររបស់លោក បានរាយការណ៍ជូនថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិដើម្បីចាត់វិធានការជាបន្ទាន់។ ក្រោយទទួលបានអនុសាសន៍ពីថ្នាក់ដឹកនាំ ទើបនៅព្រឹកថ្ងៃទី៦ ខែតុលាក្រុមការងាររបស់លោកបានផ្តួលរំលំដើមគ្រញូងនោះតែម្តង ដោយមានប្រជាការពារភូមិនៅចាំមើលជាមួយផង។

លោក ផល បន្តថា គ្រាន់តែក្រុមការងារផ្តួលហើយភ្លាម បម្រុងនឹងដឹងយកទៅរក្សាទុកស្រាប់តែប្រជាពលរដ្ឋមួយក្រុម បានមកតវ៉ានិងហាមឃាត់មិនឲ្យដឹកចេញ ហើយបែរជាចោទប្រកាន់ក្រុមការងាររបស់លោកថា ជាអ្នកកាប់បំផ្លាញទៅវិញ ទោះជាក្រុមប្រឹក្សាសង្កាត់ មេភូមិនគរក្រៅ និងក្រុមការងារលោកពន្យល់សម្របសម្រួលយ៉ាងណា ក៏មិនព្រមស្តាប់ដែរ។ ឃើញដូច្នេះ ក្រុមការងាររបស់លោកសម្រេចធ្វើលិខិត ប្រគល់ដើមគ្រញូងនេះជូនអាជ្ញាធរភូមិឃុំ ដើម្បីរក្សាទុក និងសម្របសម្រួលជាមួយប្រជាពលរដ្ឋជាមុនសិន។

លោក មីក រឹទ្ធ មេភូមិនគរក្រៅបានឲ្យដឹងថា នៅថ្ងៃទី៥ កន្លងទៅនេះប៉ុស្តិ៍រដ្ឋបាលភូមិមួយរូប ដែលបានទៅស្ទូចត្រីនៅមាត់កសិន្ធុ បានឃើញស្នាមអារដើមគ្រញូងខាងលើ ក៏បានទូរសព្ទមកប្រាប់លោក។ លោកក៏បានទៅពិនិត្យមើលឃើញជាក់ស្តែងក៏បានរាយការណ៍ទៅក្រុមប្រឹក្សាសង្កាត់គោកចក និងរាយការណ៍ទៅក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ដើម្បីចាត់វិធានការយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់។

ចំពោះករណីប្រជាពលរដ្ឋមកតវ៉ា លោកមេភូមិរៀបរាប់ថា មុននឹងផ្តួលដើមគ្រញូងនេះ លោកក៏បានប្រាប់ដល់ប្រជាពលរដ្ឋដឹងមុនខ្លះដែរ តែមិនបានទាំងអស់ទេ។ លុះពេលផ្តួលដួលហើយ ក៏ស្រាប់តែមានប្រជាជនប្រមាណជា៩នាក់ មកស្រែកតវ៉ាហាម ឃាត់មិនឲ្យដឹកចេញ។ នៅព្រឹកថ្ងៃទី០៦នេះ លោកបានពន្យល់ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំងនោះម្តងហើយ តែពួកគាត់នៅតែព្រមដដែល។ លោកនឹងសហការជាមួយក្រុមប្រឹក្សាសង្កាត់ដើម្បីធ្វើការងារនេះបន្តទៀត ហើយលោកនឹងចាត់ក្រុមប្រជាការពារភូមិដើម្បីយាមដើមគ្រញូងនេះ មិនឲ្យមានជនខិលខូចមកលួចដឹកចេញនៅពេលយប់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ឥឡូវនេះក្រុមការងាររបស់លោកកំពុងធ្វើការជាមួយ ឧទ្យាននុរក្សនៃក្រសួងបរិស្ថាន ដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងឈានទៅចាត់វិធានការផ្លូវច្បាប់៕