(កោះកុង)៖ ប្រជាពលរដ្ឋរស់ នៅស្រុកស្រែអំបិល ខេត្តកោះកុង បានបង្ហាញនូវក្តីសប្បាយរីករាយ និងរំភើបឥតឧប្បមា នៅពេលដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ចុះជួយពិនិត្យ និងព្យាបាលពួកគាត់ ដោយឥតគិតថ្លៃ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នាបរិវេណវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

លោក ឌុច សាវុធ អាយុ៦២ឆ្នាំ ដែលជាគ្រូបង្រៀនចូលនិវត្តន៍ បានឲ្យដឹងថា លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមគ្រូពេទ្យស្ម័គ្ររបស់លោក ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យដល់ប្រជាពលរដ្ឋនៅពេលនេះ ព្រោះប្រជាពលរដ្ឋមានជំងឺច្រើន ហើយការជួយព្យាបាលនេះ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ បានមួយកម្រិត។

លោកថា «ពីមុនគ្មានពេទ្យណា ដែលមកដល់ផ្ទះយើងទេ ឥឡូវនេះមានពេទ្យកូនសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺឯកឧត្តម ហ៊ុន ម៉ានី ជាតំណាងរាស្ត្រ គឺគាត់បានមកស្ម័គ្រចិត្តព្យាបាលជំងឺ ក្នុងស្រុកស្រែអំបិលនេះ ប្រជាពលរដ្ឋត្រេកអរយ៉ាងខ្លាំង ហើយសូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់មួយឆ្នាំមកម្តង ឬញឹកញាប់ជាងនេះជាការល្អ»។

ប្រជាពលរដ្ឋម្នាក់ទៀត ដែលមកទទួលការព្យាបាលផងដែរនោះ បានឲ្យដឹងថា ការចុះជួយមកព្យាបាលជំងឺជូន ប្រជាពលរដ្ឋនេះ ពិតជាសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ព្រោះមិនត្រឹមតែជួយ កាត់បន្ថយការលំបាក ភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះទេ ក៏ជាសកម្មភាពបង្ហាញ ឲ្យពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំមកលើ ប្រជាពលរដ្ឋផងដែរ ហើយគាត់ចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចុះមកឲ្យញឹកញាប់ យ៉ាងហោចណាស់១ឆ្នាំម្តង។

សូមជម្រាបថា លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តំណាងឲ្យលោក ហ៊ុន ម៉ានី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៤៦នាក់ នាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយឥតគិតថ្លៃចំនួន១៥៩១នាក់ ក្នុងនោះស្រ្តីមានចំនួន ៩១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួមរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើង សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះ លោក លេង ផាលី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីស្រឡាញ់ នឹករលឹកពីចម្ងាយចំពោះ ពុក ម៉ែ អ៊ុំ ពូ មីង បងប្អូន ប្រុសស្រី ក្មួយយៗ កុមារា កុមារី ទាំងអស់ ដោយសារលោកមានការមមាញឹក ជាប់កាតព្វកិច្ចបំពេញបេសកកម្មផ្សេងទៀត ទើបមិនមានវត្តមាននៅទីនេះ ប៉ុន្តែថ្ងៃណាមួយ លោក​ ហ៊ុន ម៉ានី នឹងចុះសួរសុខទុក្ខបងប្អូនដោយផ្ទាល់។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល៕