(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ បានធ្វើសកម្មភាព គាស់ផ្ទះប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនៅពេលយប់ ខណៈពេលម្ចាស់មិននៅ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារសង្កាត់មានជ័យ បានធ្វើការឃាត់ខ្លួន នៅម៉ោង១២៖៥០នាទីយប់ រំលងអធ្រាតឈានចូល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខN60B ផ្លូវលេខ៦០ ក្រុមទី១ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន នោះមានឈ្មោះ សេង អ៊ាង ភេទប្រុសអាយុ១៩ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ឯបក្សពួក៣នាក់ទៀត ដែលរត់គេចខ្លួននោះ មិនត្រូវបានស្គាល់ឈ្មោះទេ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែបានប្រទះឃើញ ជនសង្ស័យចំនួន០៤នាក់ កំពុងធ្វើសកម្មភាពគាស់សោទ្វាររបង និងទ្វារផ្ទះចូលបំណងចូលលួច ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ដោយ០២នាក់ នៅអង្គុយចាំមើលផ្លូវ ចំណែកឯ០២នាក់ ទៀតបានចូលទៅធ្វើសកម្មភាពលួច ភ្លាមៗនោះ ក៏ត្រូវបានជួបនិងកម្លាំសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំង និងប្រជាការពារសង្កាត់ បានធ្វើការឃាត់ខ្លួនម្នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរ ចំណែកឯបក្សពួក៣នាក់រត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមនិតីវិធីច្បាប់៕