(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចត្រូវលេងកូនហ្គោលទាំងក្រោមដំណក់ភ្លៀង ដើម្បីបញ្ចេញញើស និងបន្ថយទម្ងន់ ជាពិសេសនាំមកនូវសុខភាពល្អ។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចបានបង្ហោះរូបថតវាយកូនគោលនៅឡាវ តែតាមពិតសម្តេចមិនបានវាយកូនគោលនោះទេដោយសារកិច្ចការប្រទេសជាតិច្រើនពេក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ព្រឹកនេះ ខ្ញុំកំពុងនៅទីលានវាយកូនគោល ដើម្បីហាត់ប្រាណឱ្យចេញញើស និងបន្ថយទម្ងន់ដែលចេះតែកើនឡើង។ ពេលនេះភ្លៀងកំពុងរលឹម ដែលអំណោយផលដល់កសិកម្មតែមានការលំបាកសម្រាប់ការលេងកូនគោល។ មិនសូវមានពេលទេ ខ្ញុំត្រូវបន្តទាំងភ្លៀង»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែទៅឆ្លៀតវាយកូនហ្គោលជារៀងរាល់ថ្ងៃចុងសប្តាហ៍ ប្រសិនបើសម្តេចមានវត្តមាននៅក្នុងរាជធានីភ្នំពេញ មិនមានរវល់បេសកកម្មចុះទៅតាមបណ្តាខេត្ត ឬទៅក្រៅប្រទេសទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានបញ្ជាក់ថា ការលេងកីឡាដើម្បីនាំមកនូវសុខភាពល្អ និងនាំឲ្យកាយសម្បទានរឹងមាំផងដែរ។ កាលពីថ្ងៃទីបើកកីឡាជាតិលើកដំបូងនៅថ្ងៃទី២៨ ខែតុលា ក៏ដូចជាថ្ងៃបិទកីឡាជាតិនាថ្ងៃទី០៥ វិច្ឆិកា សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ លេងកីឡាឲ្យបានគ្រប់គ្នា ដើម្បីនាំមកនូវសុខភាពល្អ៕