(ភ្នំពេញ)៖ នៅម៉ោង៥៖០០នាទីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅដល់ពហុកីឡដ្ឋានជាតិ​អូឡាំពិកហើយ ដើម្បីធ្វើជាអធិបតីភាពសម្រាប់កម្មវិធីបិទ​ការប្រកួតកីឡាជាតិលើកទី១របស់កម្ពុជា។

នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា «សម្តេចសង្ឃឹម និងមានជំនឿជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់កីឡាករ កីឡាការិនី​កម្ពុជាគ្រប់​រូបនៅក្នុង​ការ​ដណ្តើមជោគជ័យ​ធំៗ ជាច្រើនថែមទៀតសម្រាប់ជាតិ ជាពិសេស​នៅក្នុង​ការប្រកួតកីឡា​ស៊ីហ្គេមលើក​ទី៣២ នៅឆ្នាំ២០២៣ នៅក្នុងប្រទេស​កម្ពុជា»

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចូលរួមលើក​ទឹកចិត្តគាំទ្រវិស័យ​កីឡាជាតិយ៉ាង​សស្រាក់សស្រាំ ហើយសម្តេចក៏បានអរគុណ​គ្រូបង្វឹកទាំងអស់ដែលបានយកចិត្តទុកដាក់ហ្វឹកហ្វឺនកីឡាករទាំងអស់ឲ្យមានសមត្ថភាពកាន់តែល្អខ្ពស់ឡើង។ សម្តេចតេជោថា «យើងត្រូវរួមដៃគ្នាបន្តជំរុញចលនាកីឡាជាតិ ឲ្យកាន់តែរីក​ចម្រើន​ខ្លាំងឡើងនៅក្នុងប្រទេស»

គួរកត់សំគាល់ថា នៅថ្ងៃបិទកម្មវិធី «ប្រកួតកីឡាជាតិ» នេះសង្កេត​ឃើញថា មានប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ បានចូល​រួមទស្សនា និងអបអរសាទរ នូវព្រឹត្តិការណ៍ប្រវត្ថិសាស្រ្ត​របស់កម្ពុជា​មួយនេះ​ផងដែរ៕