(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចេញលិខិតបំភ្លឺ និងពន្យល់ពីលក្ខខណ្ឌមួយចំនួន​ក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដល់​ជយលាភី​លើការប្រឡង​គណិតវិទ្យា និងវិទ្យាសាស្រ្តថ្នាក់អន្តរជាតិ។

ការបំភ្លឺរបស់ក្រសួងអប់រំ បានធ្វើឡើងបន្ទាប់ពីសិស្សវិទ្យាល័យបាក់ទូកម្នាក់ឈ្មោះ ហែម សុធីរ៉ូត បានបង្ហាញអារម្មណ៍តូចចិត្តតូចថ្លើម ព្រោះមិនបានទទួលរង្វាន់លើកទឹកចិត្តពីក្រសួងអប់រំ ដូចសិស្សពូកែដទៃ​ទៀតនៅក្នុងថ្ងៃបើកបវេសនកាលកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ។

តាមរយៈលិខិតបំភ្លឺក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងពិធីបើកបវេសនកាលកាលពីថ្ងៃទី០២ ខែវិច្ឆិកា កន្លងទៅនេះ នៅសាលាបាក់ទូកមានការបែងចែករង្វាន់លើកទឹកចិត្តសិស្សពូកែថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ សិស្សពូកែប្រចាំរាជធានី សិស្សពូកែទូទាំងប្រទេស សិស្សពូកែអន្តរជាតិស ដែលក្រសួងបានបញ្ជូនទៅចូលរួម និងសិស្សប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A នាឆ្នាំសិក្សា២០១៥-២០១៦។

ក្នុងសិស្សត្រូវផ្តល់រង្វាន់ទាំងនោះមិនមានយុវសិស្ស ហែម សុធីរ៉ូត មិនត្រូវបានបញ្ជើញឲ្យទទួលពានរង្វាន់នោះឡើយ។ បើតាមលិខិតបំ ភ្លឺ ការមិនអញ្ជើញយុវសិស្សនេះឲ្យទទួលរង្វាន់ដោយសារតែ ហែម សុធីរ៉ូត មានចំណាត់ថ្នាក់លេខ៩។ មួយវិញទៀត សារមន្ទីរអប់រំ យុវ ជន និងកីឡារាជធានីភ្នំពេញ បានស្រង់តែឈ្មោះសិស្សពូកែអន្តរជាតិ ដែលក្រសួងអប់រំបញ្ជូនទៅចូលរួមប្រកួតជាផ្លូវការប៉ុណ្ណោះ។ ដោយឡែកការទៅចូលរួមប្រកួតនៅប្រទេសសិង្ហបុរីរបស់យុវសិស្ស ហែម សុធីរ៉ូត ក្រសួងមិនមែនជាអ្នកបញ្ជូនទៅនោះឡើយ គឺទៅតាមរយៈសាលាអន្តរជាតិហ្សាម៉ាន។  

ទោះបីជាយ៉ាងណាក្រសួងអប់រំថា ខ្លួននឹងចេញបណ្ណសរសើរជូនយុវសិស្ស ហែម សុធីរ៉ូត និងសិស្សផ្សេងទៀតចំពោះជោគជ័យកន្លងមក។ ក្រសួងអប់រំ ក៏បានលើកទឹកចិត្តយុវជន ហែម សុធីរ៉ូត ខិតខំរៀនសូត្របន្ថែមទៀត ដើម្បីបានជាប់ជាសិស្សពូកែប្រចាំសាលា ប្រចាំរាជធានីភ្នំពេញ ប្រចាំប្រទេស និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A នាចុងឆ្នាំសិក្សា២០១៧។

សូមអានលិខិតបំភ្លឺរបស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖