(ព្រះសីហនុ)៖ លោកឧត្តម​សេនីយ៍ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ និងសហការី នៅ​ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦​នេះ បានធ្វើ​ដំណើរមកសួរសុខទុក្ខក្មួយៗសិស្សា​នុសិស្សនិងលោកគ្រូអ្នកគ្រូនៃសាលា អនុវិទ្យាល័​យដូងប្រេងតានៃ ស្ថិតនៅឃុំ​ជើងគោ ស្រុក​ព្រៃនប់ ព្រមទាំងនាំយកទៅជាមួយ មានសៀវភៅចំនួន៣០០ក្បាល ប៊ិចចំនួន១៥០ដើម នំប៉័ង និង​ថវិកាមួយចំនួន ចែកជូនសិស្សា​នុសិស្ស លោកគ្រូ​អ្នកគ្រូ និង អ្នកអាណាព្យាបាលសិស្ស នៅទីនោះផងដែរ។

ក្នុង​ឱកាសនោះ លោកស្នងការ បានផ្តាំផ្ញើឲ្យក្មួយៗទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់​បង្គាប់ឪពុក​ម្តាយ លោកគ្រូ​អ្នកគ្រូ និងចៀសអោយឆ្ងាយ​ពីបញ្ហាគ្រឿងញៀន។

នៅថ្ងៃដដែលនោះ លោកស្នងការនគរបាលខេត្ត​ព្រះសីហនុ បានចាត់​ឲ្យអ្នកបច្ចេកទេស ទិញខ្សែភ្លើងប្រវែងជាង៤០០ម៉ែត្រ ដើម្បីតចូលទៅប្រើប្រាស់ក្នុងសាលា ព្រមទាំងទិញ អំពូលភ្លើង កង្ហារ តុបុយរ៉ូ សម្រាប់គ្រូគ្រប់ ​បន្ទប់សិក្សាទាំង៥បន្ទប់ផង​ដែរ។

លោកស្នងការបាន ឧត្ថម្ភថវិកាជូនលោកគ្រូ អ្នក​គ្រូចំនួន១០នាក់ ក្នុងមួយនាក់ចំនួន៥០០០០រៀល អ្នកអាណា​ព្យាបាល​សិស្ស៦៩នាក់ ក្នុងម្នាក់ចំនួន ១០០០០រៀលនិងសិស្ស ១១៧នាក់ ក្នុងមួយ​នាក់ចំនួន៥០០០រៀល។

គួរបញ្ជាក់ថា កាលពី ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ជួន ណា​រិន និងលោកស្រី បានមើលឃើញពីការលំបាករបស់ក្មួយៗ​សិស្សានុសិស្ស នៅតំបន់នោះ ដែលមានផ្ទះ​ឆ្ងាយៗ ពីសាលាឈរស្ទាក់សុំ រថយន្ត ធុនធំៗ គេជិះរាល់ថ្ងៃ លោកទាំងពីរ បានផ្តួច ផ្តើមបង្កើត មូលនិធិទិញ បានរថយន្តមួយគ្រឿង ដើម្បីដឹកជញ្ជូនសិស្សផ្ទះ​ឆ្ងាយៗមករៀនសូត្ររាល់ថ្ងៃផងដែរ៕