(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចេញចំណាត់ការក្តៅមួយ គឺការហាមឃាត់ស្ថានប័នហិរញ្ញ​វត្ថុរបស់ខ្លួនក្នុងការបើកដំណើរ ឬក៏បង្កើតគណនីណាមួយជាមួយនឹង ធនាគាររបស់ប្រទេស កូរ៉េខាងជើង ដែលនេះជាទណ្ឌកម្មមួយទៀតឆ្លើយតបទៅនឹងការអភិវឌ្ឍកម្មវិធីផលិតគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ​ដែលមិនព្រមបញ្ឈប់តាមការទាមទាររបស់អន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ​Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រសួងរតនាគារជាតិអាមេរិកបានប្រកាសថា ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់ក្រុមហ៊ុនធំៗមួយចំនួន និងទីភ្នាក់ងារផ្សេងៗទៀតដើម្បីផ្ទេរហិរញ្ញវត្ថុ​ទៅកាន់ទីក្រុងព្យុងយ៉ាង​ក្នុងការទ្រទ្រង់​ការផលិត​អាវុធ​​ប្រល័យលោកហើយទង្វើបែបនេះក៏កំពុងប្រឆាំងនឹងទណ្ឌកម្មរបស់អន្តរជាតិផងដែរ។ លោក Adam Szubin អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងរតនាគារអាមេរិកបានថ្លែងថា «ជំនួយទាំងនោះមិន​មានកត់ត្រានៅក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនោះទេ ដូច្នេះអាមេរិកបានសម្រេចដាក់ការហាមឃាត់ជាទូទៅមិនឲ្យមានការជាប់ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុ​ណាមួយនៅក្នុងប្រទេសកូរ៉ខាង​ជើងនោះឡើយ»

គួរបញ្ជាក់ថាចាប់តាំងពីដើមឆ្នាំ២០១៦មក ប្រទេសកូរ៉េខាងជើងបានទទួលរងទណ្ឌកម្មជាច្រើនពី​អន្តរជាតិដែលទណ្ឌកម្មទាំងនោះស្ថិតនៅក្នុងគោលដៅបង្ខំឲ្យទីក្រុងព្យុងយ៉ាងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការផលិតគ្រាប់មីស៊ីលដ៏មានអានុភាព ប៉ុន្តែរដ្ឋកុម្មុយនិស្តមួយនេះមិនព្រមបន្ថយឥទ្ធិពលរបស់ខ្លួន​នោះឡើយដោយនៅតែបន្តសកម្មភាពផលិត និងសាកល្បងអាវុធកាន់តែខ្លាំងឡើងៗ ដែលបានបង្កឲ្យ​សន្តិសុខនៅក្នុងតំបន់ធ្លាក់ទៅក្នុងហានិភ័យខ្ពស់ជាងមុន៕