(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ បានសម្រេចថា នឹងប្រកាសសាលក្រមលើសំណុំរឿង លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ចំពោះរឿងមិនប្រក្រតីក្នុងការបំពេញការងារកន្លងមក។

សវនាការជំនុំជម្រះនៅព្រឹកមិញនេះ ដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។

លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ហើយបានរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែងបាន៣ឆ្នាំ។

តុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕