(ភ្នំពេញ)៖ តារាសម្ដែងវ័យក្មេង សាច់សខ្ចី កំពុងផ្ដើមមានឈ្មោះបោះសំឡេង​ក្នុងវិថីសិល្បៈ កញ្ញា ឈិន ស៊ាវម៉ី បានទម្លាយឲ្យដឹងថា ក្នុងរយៈកាលនៃការចូលប្រឡុក ក្នងអាជីពជាអ្នកសិល្បៈ ​ជាង២ឆ្នាំមកនេះ នាងធ្លាប់ទទួលរងនូវការព្រមានពីគ្រួសារ ជាពិសេស​ពីសំណាក់ឪពុកម្ដាយ ដើម្បីឲ្យនាងដើរចេញពីសិល្បៈ ព្រោះតែបារម្ភខ្លាចថា កូនស្រីអាចនឹងទទួលរងនូវព្រនង់រិះគន់ ពីមហាជន ព្រោះតែហ៊ានថតឈុតសិចស៊ី តម្រូវតាមចិត្តផលិតករ ឬអ្នកដឹកនាំសម្ដែងណាមួយ។

ស្រីស្រស់រាងតូចច្រឡឹង សម្ដីផ្អែម កញ្ញា ឈិន ស៊ាវម៉ី បានទម្លាយចេញបែបនេះ គឺធ្វើឡើងក្នុងពិធីខួបកំណើត គម្រប់វ័យ២២ឆ្នាំ របស់នាង នាពេលថ្មីៗនេះ នៅក្នុងភោជនីយដ្ឋានមួយ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន​​។

ឈិន ស៊ាវម៉ី បាននិយាយថា «អត់ទេបង.. អត់ហ៊ានទេ ខ្លាចប៉ាណាស់ រឿងសិចស៊ីខ្ញុំមិនហ៊ានទេ គ្រាន់តែប៉ុណ្ណឹង មិនចង់ហ៊ានស្លៀកផង។ ពីមុនប៉ាហាមដាច់ខាតតែម្ដង ទើបតែពេលនេះទេ ដែលគាត់យល់ខ្លះៗ រឿងការងារសិល្បៈរបស់ខ្ញុំ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ខ្ញុំមិនហ៊ានថតសិចស៊ី​ដល់ថ្នាក់ ដូចតារាសម្ដែងដទៃដែរ ណាមួយគ្រួសារខ្ញុំ ក៏មិនចូលចិត្តឲ្យខ្ញុំ សម្ដែងបែបសិចស៊ីអ្វីនោះទេ..!»

ជា​មួយ​​គ្នា​នោះ​ដែរ​ តារាសម្ដែង វ័យ២២ឆ្នាំរូបនេះ ក៏បានបន្ថែមថា ​មាន​​សាច់​រឿង​ខ្លះ តម្រូវ​ឲ្យ​​សម្ដែង​ជា​តួ​សិច​ស៊ី​ខ្លាំង រហូត​​ដល់​ទៅ​ដោះ​​ខោអាវ​​ចេញ​ទាំង​អស់​ក៏​មាន ប៉ុន្តែ​ដូច​នាង​បាន​លើក​ឡើង​ខាង​លើ គឺ​នាង​មិន​ហ៊ាន​ប្រថុយ​ឡើយ ទោះបីជា​បាន​តម្លៃ​ខ្លួន​ថ្លៃ ហើយ​ធ្វើ​ឲ្យ​នាង​ល្បី​ឆាប់​យ៉ាងណាក្ដី។

សូមបញ្ជាក់ថា តារាសម្ដែង ឈិន ស៊ាវម៉ី ​​​ចូល​វិថី​សិល្បៈ​​ជាង​២​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក្រៅ​ពី​សម្ដែង ​បទចម្រៀងកាយវិកា​ខារ៉ាអូខេ​ នាង​ធ្លាប់​សម្ដែង​រឿង​​ បាន​ចំនួន៣រឿង​​មក​ហើយ មាន​រឿង «ថ្ងៃ​ណា​កូន​មាន​ម្ដាយ, អាពាហ៍ពិពាហ៍​ចម្លែក» និងរឿង «មន្ត​ស្នេហ៍ក្រមុំ​បាយ​ឆា»។ ភាពយន្ត​ទាំង​​នោះ ស៊ាវម៉ី ​សម្ដែង​ភាគ​ច្រើន ​គឺ​​ជា​តួ​កាច​ឆ្នាស់ហើយ​សិចស៊ី ដែល​ត្រូវ​នឹង​ចរឹត តាំង​ពី​កំណើត​ របស់នាងតែ​ម្ដង។

សូមតាមដានកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយកញ្ញា ឈិន ស៊ាវម៉ី ក្នុងឱកាសខួបកំណើតរបស់នាង ជាមួយ Fresh News៖