(កំពត)៖ ក្មេង​ឃ្វាលគោ បានប្រទះឃើញសាកសពបុរសម្នាក់ មានសភាពហើម ស្អុយរលួយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចំណុចជាប់ខាងត្បូងស្ពានអូរក្រសារ ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

មន្ដ្រីនគរបាលមូលដ្ឋាន បាន​ឲ្យដឹងថា សាកសពរងគ្រោះ ជាបុរសជនជាតិខ្មែរ ពាក់អាវយឺតដៃខ្លី បង្កង់ពណ៌ឈាមជ្រូកលាយខ្មៅ, ពាក់ខោលីអូ ពណ៌ជ្រូក សាកសពមិនស្គាល់អត្តសញ្ញាណ។ បន្ទាប់ពីពិនិត្យរួចរាល់ ​សមត្ថកិច្ច​សន្និដ្ឋាន ជាបឋមថា ជនរងគ្រោះស្លាប់ ដោយសារអំពើឃាតកម្ម ព្រោះនៅលើមុខសាកសព ត្រូវជនដៃដល់ វាយខ្ទេចមុខមើលលែងស្គាល់ ហើយជនរងគ្រោះ​សម្លាប់រយៈពេល៣ថ្ងៃ​។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋណា ដែលបាត់សាច់ញ្ញាតិ សូមទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នមន្រ្ដីនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវដើម្បីវែកមុខជនសង្ស័យ ​យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕