(ភ្នំពេញ)៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៦នាក់ រួមជាមួយថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ​ សហការតាមបង្ក្រាបបាននៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចទល់មុខសាលាន័រតុន តាមបណ្ដោយផ្លូវកែវចិន្ដា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អធិការរងនគរបាលខណ្ឌជ្រោយចង្វារ លោកឯក សេរីវុធ បា នបញ្ជាក់ថា ប្រត្តបត្តិការនេះបានធ្វើឡើងនៅខណៈដែលក្រុមជនសង្ស័យទាំងនេះ មកពីទិញថ្នាំញៀន ហើយធ្វើដំណើរដោយជិះម៉ូតូ៣គ្រឿង ឆ្លងកាត់គោលដៅដែលសមត្ថកិច្ចឈរជើង យាមល្បាតដើម្បីរក្សាសន្តិសុខ ក្នុងភូមិសាស្ត្រក៍ប្រទះឃើញ មានការសង្ស័យក៍ឃាត់ធ្វើការត្រួតពិនិត្យ ជាបន្តបន្ទាប់ស្រាប់តែរកឃើញថ្នាំញៀនជាម៉ាទឹកកក ចំនួន៣កញ្ចប់ ដែលបក្ខពួកបានលាក់ទុកក្នុងបំណងយកទៅសេពជាមួយគ្នា ទើបឈានដល់ការបង្ក្រាបតែម្ដង និងដកហូតមធ្យោបាយធ្វើដំណើរមានម៉ូតូ៣គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។

លោកឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនទី១-ឈ្មោះទូច រចនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខ របរជាងសំណង់ និងទី២-ឈ្មោះ ថន វិឆ័យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកឡានដឹកដី ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី៣-ឈ្មោះ វ៉ាន ចន្ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអន្លង់ជ្រៃ ឃុំបាធាយ ស្រុកបាធាយ ខេត្តកណ្ដាល និងទី៤-ឈ្មោះ យ៉ន ពិសដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិពាន ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ទី៥-ឈ្មោះស ន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ និងទី៦-ឈ្មោះ លាប ហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ជនសង្ស័យទាំង២នាក់ស្នាក់នៅការដ្ឋានសំណង់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អធិការរងដដែល បានឲ្យដឹងថា ក្រោយឃាត់ខ្លួនបក្ខពួកជន សង្ស័យទាំង៦នាក់និងវត្ថុតាង ត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី៕