(ភ្នំពេញ​)៖​ សំណុំរឿង​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ចាប់ផ្ដើម​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ ដែល​តុលាការ​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ។

លោក​មេធាវី​ ចាន់​ ចេន​ បញ្ជាក់​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ សេង​ ស៊ី​វុត្ថា​ អនុប្រធាន​សាលាឧទ្ធរណ៍​ និង​ លោក​ អ៊ឹម​ សុផាត​ ជា​តំណាង​មហា​អយ្យការ​ ។​

លោក​ កឹម​ សុខា​ ពុំ​មាន​វត្តមាន​ទេ​ តែ​មេធាវី​របស់​លោក​បី​រូប​បាន​ចូលរួម​សវនាការ​ គឺ​ លោក​ ហែម​ សុជាតិ​ លោក​ សំ​ សុគង់​ និង​ លោក​ ចាន់​ ចេន​ ។

គួរ​រំលឹក​ថា​ លោក​ កែវ​ មុនី​ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ ​ កាលពី​រសៀលថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៦​ ប្រកាសសាលក្រមផ្តន្ទាទោសលោក​ កឹម​ សុខា​ ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល​ ក្រោមការចោទប្រកាន់ពីបទ​ "​ បដិសេធក្នុងការចូលខ្លួន​ " តាមមាត្រា៥៣៨​ នៃក្រមព្រហ្មទណ្ឌ​ ដែលតុលាការចាត់ទុកថា​ ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង​ ។

តុលាការ​រកឃើញថា​ លោក​កឹម​ សុខា​ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ព្រោះ​ខកខាន​ពីរ​លើក​ក្នុង​នាម​ជា​សាក្សី​ ចូល​បំភ្លឺ​តុលាការ​ ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែល​មាន​អ្នក​នាង​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ជា​ជនរងគ្រោះ​ ៕