(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិ លើកទី១ បានខិតជិតដល់ថ្ងៃបញ្ចប់ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេល ៩ថ្ងៃកន្លងទៅ ប៉ុន្ដែបើគិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកានេះ មានកីឡា៩ប្រភេទហើយ ដែលបានបញ្ចប់ការប្រកួតជាស្ថាពរ គ្រាដែលក្រុមកីឡារាជធានីភ្នំពេញ នៅតែរក្សាតំណែងកំពូលតារាងចំណាត់ថ្នាក់ មេដាយរបស់ខ្លួន ក្រោយដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៨គ្រឿង គឺមានមេដាយមាស៣៥មេដាយ ប្រាក់៣០ និងមេដាយសំរឹទ្ធ២៣។

ចំពោះប្រភេទកីឡាបញ្ចប់ការប្រកួតទាំងស្រុង មានដូចជា៖ កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, វាយកូនឃ្លីលើតុ, វាយកូនបាល់, តេក្វាន់ដូ, ប៉េតង់, កាយសម្ព័ន្ធ និងកីឡាសូរិនហ្សិកាំប៉ូ។

ចំណែកកីឡាត្រៀមខ្លួនប្រកួតដណ្ដើមមេដាយបន្ដ រួមមានកីឡាបាល់ទាត់ បាល់បោះ បាល់ទះ ប្រដាល់គុនខ្មែរ ចំបាប់ និងកីឡាល្បុក្កតោ ដែលនឹងប្រើរយៈពេល២ថ្ងៃ ដើម្បីប្រកួតបញ្ចប់ ខណៈពិធីបិទការប្រកួតផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកាចុងសប្ដាហ៍នេះ។

សូមជំរាបថា ពិធីបិទការប្រកួតកីឡាជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងរបស់កម្ពុជានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក៏មានការបង្ហាញនូវទស្សនីយភាពប្លែកៗពាក់ព័ន្ធនឹងការរៀបចំ និងសកម្មភាពប្រកួត នៃការប្រកួតកន្លងមក ពិសេសគឺមានការចូលរួមពីតារាចម្រៀងដ៏ល្បី ខេមរៈ សេរីមន្ដ និងក្រុមកំប្លែងនាយ ពែកមី ទៀតផង៕