(សៀមរាប)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦​ គណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាចូលរួម ក្នុងការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងកសិកម្ម។ ជាមួយគ្នានឹងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ី ក៏បាននាំយកកាបូប និងសម្ភារសិក្សាមួយចំនួន ដើម្បីចែកជូនសិស្សានុសិស្សដែលកំពុងសិក្សា នៅសាលាបឋមសិក្សា ភូមិធម្មជាតិផងដែរ។

លោក Feng Guoping អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមខេត្តក្វាងស៊ី ដែលជាអ្នកដឹកនាំក្រុមប្រតិភូ បានសរសើរភូមិធម្មជាតិរុនតាឯកថា មានការអភិវឌ្ឍល្អ បរិស្ថានស្អាត ជាពិសេសគឺប្រជាពលរដ្ឋមានទឹកមុខញញឹម រួសរាយរាក់ទាក់ ធ្វើឲ្យគណៈប្រតិភូរបស់លោក មានភាពកក់ក្តៅ និងមានចិត្តសោមនស្សរីករាយខ្លាំង។

លោកបន្ថែមថា ការអភិវឌ្ឍភូមិនេះ មានសារៈសំខាន់ណាស់ ព្រោះវាជួយការពាររមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ឲ្យមានភាពគង់វង្សយូរអង្វែង និងកាន់តែមានភាពល្បីល្បាញ ឡើងលើឆាកអន្តរជាតិថែមទៀត។ ជាមួយគ្នានេះ លោក Guoping បានសន្យាថា ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ី ប្រទេសចិន នឹងជួយអភិវឌ្ឍភូមិនេះបន្ថែមទៀត​ លើវិស័យអប់រំ សុខាភិបាល និងកសិកម្ម ហើយលោកសង្ឃឹមថា នឹងមានសប្បុរសជនជាតិ និងអន្តរជាតិជាច្រើនទៀត ចូលរួមជួយអភិវឌ្ឍភូមិនេះ កាន់តែល្អប្រសើរឡើងបន្តទៀត។

ជាមួយគ្នានោះដែរ លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានធ្វើបទបង្ហាញស្តីពីការកកើត ការវិវឌ្ឍ និងគម្រោងអភិវឌ្ឍន៍ដទៃៗទៀត។ ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណ ចំពោះក្រុមប្រតិភូ ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ច នៅភូមធម្មជាតិតាឯក និងសង្ឃឹមថា ទទួលបានការចូលរួមអភិវឌ្ឍន៍ភូមិធម្មជាតិមួយនេះ ឲ្យកាន់តែល្អប្រសើរ ក្នុងពេលឆាប់ៗខាងមុខ។

សូមរំលឹកថា ដើម្បីដោះស្រាយការកើនឡើងនូវចំនួនខ្នងផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរអប្សរា បានសម្រេចជ្រើសរើសដីមួយកន្លែង ដែលស្ថិតនៅក្រៅតំបន់ការពារ មានទំហំ១,០១២ហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ដែលមានគ្រួសារថ្មី ហើយមានបំណងបំបែកខ្នង ផ្ទះពីឪពុកម្តាយ។ គ្រួសារថ្មី ដែលស្ម័គ្រចិត្តចាប់ឆ្នោតមករស់នៅទីនេះ នឹងបានទទួលដីឡូត៍ទំហំ១៥ម៉ែត្រ គុណ២៥ម៉ែត្រ ​សម្រាប់សាងសង់ផ្ទះ ​ដាំបន្លែ និងទទួលបានដីសម្រាប់ធ្វើស្រែចម្ការមានទំហំ ១ហិកតាថែមទៀត។ បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង១០០គ្រួសារហើយ ដែលកំពុងរស់នៅក្នុង ភូមិធម្មជាតិរុនតាឯកនេះ៕