(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្តែងនូវការគាំទ្រ ដល់ក្រុមហ៊ុនធំមួយ ក្នុងប្រទេសជប៉ុន ដែលមានបំណងចង់បណ្ដុះបណ្ដាល ដល់សិក្ខាកាមកម្ពុជាបន្ថែមទៀត ខណៈពលករ និងសិក្ខាកាមកម្ពុជាដែលកំពុងធ្វើការ និងសិក្សាក្នុងប្រទេសនេះ មានជាង៣ពាន់នាក់។

គម្រោងនេះ គឺស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលើកទឹកចិត្ត និងបើកឱកាសជូន ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងទទួលបានចំណេះជំនាញ និងឱកាសការងារ ដែលទទួលបានប្រាក់បៀវត្សខ្ពស់ ដូចជានៅប្រទេសជប៉ុនជាដើម។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោករដ្ឋមន្រ្តី អ៉ិត សំហេង ជាមួយលោក ណូដា មីណូរុ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន កាកេហាស៊ិ អិនធើណេសិនណល និងប៊ីហ្សេនេស រួមទាំងគណៈប្រតិភូមកពីប្រទេសជប៉ុន ដែលជាក្រុមហ៊ុនប្រតិបត្តិការ លើវិស័យធនធានមនុស្ស និងបណ្ដុះបណ្ដាលសិក្ខាកាម ក្នុងខេត្តអ៉ិហ៊ីមិ នៃប្រទេសជប៉ុន នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងទីស្ដីការក្រសួងការងារ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ក្រុមហ៊ុនទទួលសិក្ខាកាមបរទេស ប្រចាំខេត្តអ៉ិហ៊ីមិនេះ ជាស្ថាប័នបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់សិក្ខាកាមបរទេស ដែលមានស្ថាប័នចំណុះ ៣៨ស្ថាប័ន ក្នុងនោះមានសិក្ខាមកាមបរទេសចំនួន ៣,៥៦១នាក់ មានចិន ២,០៤២នាក់, វៀតណាម ៨៣៧នាក់, ហ្វីលីពីន ៦៥៤នាក់, កម្ពុជា៤៤នាក់, និងមីយ៉ាន់ម៉ា ២នាក់ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦»។

លោកប្រធានក្រុមប្រឹក្សាបានបន្តថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលនេះ ក្រុមហ៊ុនរបស់លោក មានបំណងចង់ទទួលសិក្ខាកាមកម្ពុជា ឲ្យទៅសិក្សាក្នុងសមាគមន៍ កាន់តែច្រើនថែមទៀត តាមរយៈការពង្រឹងទំនាក់ទំនង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅដល់ការចុះអនុស្សារណៈ នៃការយោគយល់គ្នាមួយ សំដៅជំរុញឲ្យមានកិច្ច សហប្រតិបត្តិការល្អ ក្នុងការបញ្ជូន និងទទួលសិក្ខាកាមកម្ពុជា ទៅហ្វឹកហាត់ជំនាញ នៅប្រទេសជប៉ុនថែមទៀត។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានឲ្យដឹងថា ពាក់ព័ន្ធនឹងការបញ្ជូនសិក្ខាកាមកម្ពុជា ឲ្យទៅសិក្សានៅប្រទេសជប៉ុននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងមានការលើកទឹកចិត្ត និងពង្រីកបន្ថែមទៀត ព្រមទាំងឯកភាពយល់ព្រម ឲ្យមានកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការណាមួយ ដើម្បីជំរុញឲ្យមានការបញ្ជូន និងទទួលសិក្ខាកាមកម្ពុជាថែមទៀត។

លោកថា «ខ្ញុំស្វាគមន៍ប្រសិនជាក្រុមហ៊ុន (ក្រុមហ៊ុនខាងលើ) ចង់ចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ ព្រោះកម្ពុជាជាប្រទេស ដែលមានកម្លាំងពលកម្មវ័យក្មេង (៣៥ឆ្នាំចុះ) ទៅដល់ជិត៨លាននាក់ ហើយខ្ញុំសូមស្នើឱ្យក្រុមហ៊ុន ជួយផ្សព្វផ្សាយពីគុណសម្បត្តិ របស់ពលករកម្ពុជា ទៅដល់ក្រុមហ៊ុននានាផង ដើម្បីទទួលសិក្ខាកាមឱ្យចូលធ្វើការ ក្រោយបញ្ចប់ការបណ្ដុះបណ្ដាល»។

បើតាមលោករដ្ឋមន្រ្តី អ៉ិត សំហេង ក្នុងឆ្នាំ២០១៦នេះ ពលករកម្ពុជាដែលទៅធ្វើការ នៅក្រៅប្រទេសមានជាង១លាន១សែននាក់ ក្នុងនោះនៅប្រទេសថៃជិត ១លាននាក់ ហើយនៅប្រទេសជប៉ុន មានពលករ និងសិក្ខាកាមកម្ពុជា ដែលទៅធ្វើការ និងសិក្សានៅទីនោះមានចំនួន ៣,៥០០នាក់។

ដោយឡែក ក្រុមហ៊ុន និងភ្នាក់ងារឯកជនដែលជ្រើសរើស និងបញ្ជូនពលករ និងសិក្ខាកាមកម្ពុជា ទៅធ្វើការនៅក្រៅប្រទេសមានជិត៦០ក្រុមហ៊ុន ប៉ុន្តែមុននឹងបញ្ជូនទៅជប៉ុន សិក្ខាកាមកម្ពុជាត្រូវបានឆ្លងកាត់ការបណ្ដុះបណ្ដាល យ៉ាងតិច៦ខែសិន៕