(ភ្នំពេញ)៖ ទោះបីជាមានសភាពស្ងប់ស្ងាត់នៃការនាំឈើគ្រញូងយកទៅលក់នៅប្រទេសវៀតណាមគិតចាប់តាំងពីដើមឆ្នាំ ២០១៥រហូតមកក៏ពិតមែន តែមិនមានន័យថាបិទ​ជិតឈឹងមួយរយ​ភាគរយ​នោះ​ទេ គឺនៅតែមានការឃុបឃិតគ្នានាំចេញ ដដែល គ្រាន់តែទ្រុងទ្រាយតូចតាច មិនគគ្រឹកគ្រេងពេកប៉ុណ្ណោះ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅ មានរថយន្តសុីទែនមួយគ្រឿងមានបង្កប់ឈើគ្រញូងពេញនាំពីខេត្ត ភាគពាយព្យចូលតាមផ្លូវជាតិលេខ៦ឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ខេត្តកំពង់ចាមក្នុងគោលដៅនាំយកទៅលក់នៅប្រទេស វៀតណាមដោយចេញតាមខេត្តត្បូងឃ្មុំ ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកជើងព្រៃ ខេត្តកំពង់ចាមស្ទាក់ចាប់បាន បញ្ជូន យកទៅរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីអនុវត្តតាមច្បាប់។

ពាក់ព័ន្ធទៅនឹងការចាប់រថយន្តសុីទែនធុនតូចលួចដឹកឈើគ្រញូងខាងលើនេះ ត្រូវបានប្រភពអ្នកដឹងរឿងបានលួចបង្ហើប ប្រាប់ភ្នាក់ងារ Fresh News អោយដឹងថា តាមពិតរថយន្តដឹក​ឈើគ្រញូង​ខាងលើ បើម្ចាស់សល់លុយគឺសមត្ថកិច្ចមិនអាចចាប់ ជាប់នោះទេ ច្បាស់ជារអិលរបូតទៅដល់ប្រទេសវៀតណាមបាត់ទៅហើយ ព្រោះតែពេលរថយន្តនេះបើកមកតាមផ្លូវជាតិលេខ ៦ដល់ទឹក​ដីខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចនៅខេត្តកំពង់ធំស្ទាក់ចាប់បានម្ដងរួចទៅហើយ។ ក្រោយមកក៏មានការចរចាគ្នាដោយ ម្ចាស់បានបង់លុយអោយសមត្ថកិច្ច​នៅទីនោះអស់៥០០០ដុល្លារ​​ទើបដោះ​លែងវិញ។ ក្រោយគេដោះលែង រថយន្តខាងលើក៏បន្ត ដំណើរចូលមកដល់ទឹកដីខេត្តកំពង់ចាមក៏ត្រូវបានមន្ត្រីអាវុធហត្ថស្រុកជើងព្រៃស្ទាក់ចាប់បានវិញ តែពេលចាប់បានភ្លាមៗ តាមការ អះអាងពីប្រភពព័ត៌មាន គេមិនបានបញ្ជូនរថយន្តខាង​លើទៅអង្គភាពភ្លាមៗនោះទេ គឺគេបើករថយន្តខាងលើយក​ទៅលាក់ទុកនៅម្ដុំ ផ្សារផ្អាវដើម្បីធ្វើ​ការចរចា តែដោយសារម្ចាស់អស់លុយ ព្រោះបង់អោយ​សមត្ថកិច្ចនៅខេត្តកំពង់ធំអស់​៥០០០ដុល្លារ រួចម្ដងទៅហើយនោះ ទើបគេអូសរថយន្តខាងលើយកទៅប្រគល់និងទុកនៅទីបញ្ជាការអ.ហខេត្តកំពង់ចាមតាំងពីថ្ងៃទី២៣ ខែតុលា រហូត មកដល់ថ្ងៃទី៣ ខែវិច្ឆិកានេះ គេនៅតែឃើញរថយន្តដឹកឈើគ្រញូងខាងលើមានវត្តមាននៅក្នុងទីបញ្ជាការដដែលដោយមិនឃើញ កសាងសំណុំរឿងប្រគល់​អោយមន្ត្រីរដ្ឋបាលព្រៃឈើ​ឬបញ្ជូនទៅតុលាការនោះឡើយ​ដោយមិនដឹងមូលហេតុអ្វី។

ពាក់ព័ន្ធរថយន្តដឹកឈើគ្រញូងខាងលើមានវត្តមាននៅក្នុងទីបញ្ជាការអ​.ហខេត្តកំពង់ចាមជាង១០ថ្ងៃនេះ ត្រូវបានលោកឧត្តមសេនីយ៏ សោ សាវឿន មេបញ្ជាការអ.ហខេត្តកំពង់ចាមប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទ​នៅវេលាជាង​២រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អោយដឹងថា តាមពិតសំណុំរឿង​រថយន្តដឹកឈើគ្រញូង​ដែលសមត្ថកិច្ច​របស់លោកចាប់បាននេះ​គឺលោកបានបញ្ជូន​ទៅតុលាការ និង រាយការណ៏ទៅគណៈបញ្ជាការឯកភាពខេត្ត និងជំនាញមេព្រៃរួចរាល់ហើយ គ្រាន់តែគេផ្ញើរថយន្ត និងឈើខាងលើទុកនៅក្នុងអង្គភាពរបស់ លោកសិនតែប៉ុណ្ណោះ។

តាមសេចក្ដីរាយការណ៏ពីសម្តកិច្ចនៅតាមដងផ្លូវបានបង្ហើបអោយដឹងថាបទល្មើសឈើគ្រញូងនៅតែមាននាំចេញទៅប្រទេសវៀតណាម ដដែល គ្រាន់តែមិនមានទ្រុងទ្រាយធំដូចកន្លងមក គឺឈ្មួញច្រើន​តែ​ប្រើប្រាស់រថយន្តទេសចរ និងបង្កប់តាមរថយន្តផ្សេងៗដើម្បីគេចពី សមត្ថកិច្ចនៅតាមដងផ្លូវដោយឈ្មួញបានប្រើយុត្តិសាស្ត្រមិនប្រាប់សមត្ថកិច្ចមុននោះឡើយ បើចាប់បានយកលុយលោះភ្លាមៗ បើមិនត្រូវ គឺបោះចោលឈើតែម្ដង ព្រោះបើប្រាប់សមត្ថកិច្ចម្នាក់គឺប្រាប់តពីម្នាក់ទៅ​ម្នាក់ត្រូវបង់លុយអោយ​រាប់​សិបកន្លែងឯណោះ ហើយមាត់ច្រក ដែលឈ្មួញនាំ​ចេញទាំងឈើគ្រញូង ឈើប្រណីត និងឈើក្រហមគឺមានខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង​ជាដើម៕