(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានក្រើនរំលឹកទៅដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនថា រាល់សំណើរសុំ នៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការ អង្គភាពត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងឲ្យមានភាពសុក្រឹតទៅតាមមូលដ្ឋានច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងដែលមានជាធរមាន។

ការំលឹករបស់លោក វេង សាខុន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពេលរូបលោកអញ្ជើញជាអធិបតីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងវិធានការណែនាំផ្សេងៗ លើឯកសារពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិក។

លោករដ្ឋមន្រ្តីបានថ្លែងថា «ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការក្រោមឱវាទ។ ទន្ទឹមនឹងនេះគ្រប់អង្គភាព ត្រូវខិតខំលើកទឹកចិត្តដល់មន្រ្តីរាជការ ដែលបានខិតខំបន្តការសិក្សា ហើយទទួលបានសញ្ញាបត្រខ្ពស់ជាងសញ្ញាបត្រ ដែលបានកំណត់ក្នុងក្របខណ្ឌ ដោយអង្គភាពត្រូវរៀបចំសំណុំបែបបទឯកសារ សម្រាប់ស្នើដំឡើងថ្នាក់មួយថ្នាក់ជាស្វ័យប្រវត្តិជូនមន្រ្តីរាជការនោះ»

លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តាំផ្ញើទៅថ្នាក់ដឹកនាំតាមអង្គភាពនានាក្រោមឱវាទក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងចាត់វិធានការសមស្រប ដើម្បីពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា និងត្រូវធ្វើបញ្ជីសម្រង់វត្តមានឱ្យបានហ្មត់ចត់។

លោកបន្តថា ប្រធានអង្គភាពតាមឋានានុក្រមនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមន្រ្តីក្រោមឱវាទដែលមិនបានមកបំពេញការងារ ឬ មកបំពេញការងារមិនទៀងទាត់ ឬអវត្តមានដោយគ្មានមូលហេតុ ដោយត្រូវអនុវត្តតាមស្មារតីអនុក្រឹត្យលេខ៥៦។ ទន្ទឹមនឹងការគ្រប់គ្រងវត្តមានអង្គភាពនីមួយៗ ក៏ត្រូវរៀបចំបែងចែកការងារទៅតាមមុខតំណែង និងភារកិច្ចដល់មន្រ្តីរាជការគ្រប់រូបឱ្យមានការងារអនុវត្តប្រកបដោយសមធម៌ ដោយត្រូវចេះច្នៃប្រឌិត និងបង្កលក្ខណៈតាមគ្រប់រូបភាព ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទមានមធ្យោបាយ បម្រើការងារបានសមរម្យ ព្រមទាំងត្រូវចេះបង្កើតបរិយាកាសការងារល្អនៅតាមអង្គភាពរបស់ខ្លួនក្នុងស្មារតីសាមគ្គីភាព និងភាតរភាព។

បើទោះបីជាយ៉ាងណា លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ ដែលមានស្នាដៃការងារពិតប្រាកដ ដោយក្នុងនោះអង្គភាពត្រូវសម្លឹងរកមើលឱ្យឃើញនូវមន្រ្តីសកម្ម ហើយពុំធ្លាប់ទទួលបានមេដាយ ឬបានទទួលដែរតែមេដាយនៅក្នុងថ្នាក់ឬកម្រិតទាប ដែលមិនស័ក្តិសមនឹងអតីតភាពការងារដែលមន្រ្តីបានបម្រើការងារជូនក្រសួង និងរាជរដ្ឋាភិបាល។

លោកថា អង្គភាពនីមួយៗ ត្រូវប្រើប្រាស់គោលការណ៍ប្រកបដោយសមធម៌ ក្នុងការផ្តល់គ្រឿងឥស្សរិយយសតាមការណែនាំរបស់រាជរដ្ឋាភិបាលលើការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការនៃឆ្នាំនីមួយៗ បានន័យថា មន្រ្តីធ្លាប់ទទួលបានគ្រឿងឥស្សរិយយសខ្ពស់រួចមកហើយ ត្រូវទុកឱកាសជូនមន្រ្តីរាជការណាមានស្នាដៃការងារល្អ ហើយពុំធ្លាប់ទទួលបានមេដាយ ឬបានទទួលដែរតែនៅក្នុងថ្នាក់ទាបនោះ មានលទ្ធភាពទទួលមេដាយផង ព្រមទាំងគិតគូរលើកទឹកចិត្តជាចម្បងដល់មន្រ្តីកំពុងបម្រើការងារនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់៕