(ភ្នំពេញ)៖ លោកបណ្ឌិតសាស្រ្តាចារ្យ Hiroshi Gemma នាយកប្រតិបត្តិសមាគមផ្លែឈើជប៉ុន បានថ្លែងឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងនាំចូលផ្លែឈើ ទំពាំងបាយជូរជាង១០០ប្រភេទ មកដាក់លក់ក្នុងទីផ្សារកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្តីពីផ្លែឈើជប៉ុន នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ លោកបណ្ឌិតសាស្រ្តាចារ្យ Hiroshi Gemma  បានឲ្យដឹងថា កត្តាដែលលោកមានគម្រោង នាំចូលទំពាំងបាយជូរមកកម្ពុជានេះ ដោយសារតែទំពាំងបាយជូរបស់ជប៉ុន មានរសជាតិប្លែកពីទំពាំងបាយជូរ មានលក់នៅស្រុកខ្មែរ។

លោកបន្ថែមទៀតថា ទំពាំងបាយជូរដែលគ្រោងនាំចូលនៅក្នុងស្រុកខ្មែរ មានទៅដល់ជាង១០០ប្រភេទ ហើយវាមានអត្ថប្រយោជន៍ ទៅដល់អ្នកទទួលទាន ដូចជាមានសារធាតុប្រូតេអិន ជួយទៅដល់សុខភាព និងមិនប៉ះពាល់ទៅដល់អ្នកដែលកើតជំងឺទឹកនោមផ្អែមនោះទេ។

យ៉ាងណាក៏ដោយ លោកបណ្ឌិតមិនទាន់បញ្ជាក់ ពីពេលវេលាច្បាស់លាស់ ក្នុងការនាំចេញមកកម្ពុជានៅឡើយទេ។ លោកបានបន្តថា អាកាសធាតុនៅកម្ពុជា យើងមិនអាចដាំដំណាំ ទំពាងបាយជូរនេះបានទេ៕