(ភ្នំពេញ)៖ សំណុំរឿង​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាប់​ចោទ​ពី​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ នឹង​ត្រូវ​សាលាឧទ្ធរណ៍​ បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦។​ នេះ​បើ​តាម​មន្ត្រី​សាលាឧទ្ធរណ៍​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។

ជាមួយគ្នា​នេះ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ក៏នឹង​ប្រកាស​សាលដីកា​សំណុំរឿង​លោក​ កឹម​ សុខា​ ផងដែរ​ ចំពោះ​បណ្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។​

មន្ត្រី​សាលាឧទ្ធរណ៍​ បង្ហើប​ឲ្យ​ដឹង​ថា​ កម្មវត្ថុ​សំខាន់​នៃ​សវនាការ​នេះ​ គឺ​ជំនុំជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ ដែល​មិន​សុខ​ចិត្ត​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទា​ទោស​លោក​ កឹម​ សុខា​ រយៈពេល​៥ខែ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០ម៉ឺន​រៀល​។

សូមជំរាបថា លោក​ កែវ​ មុនី​ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ កាលពី​រសៀលថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៦​ ប្រកាសសាលក្រមផ្តន្ទាទោសលោក​ កឹម​ សុខា​ ផ្តន្ទាទោស៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល​ ក្រោមការចោទប្រកាន់ពីបទ​ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨​ នៃក្រមព្រហ្មទណ្ឌ​ ដែលតុលាការ ចាត់ទុកថា​ ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង​។

តុលាការ​រកឃើញថា​ លោក​ កឹម​ សុខា​ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ព្រោះ​ខកខាន​ពីរ​លើក​ក្នុង​នាម​ជា​សាក្សី​ ចូល​បំភ្លឺ​តុលាការ​ ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែល​មាន​អ្នក​នាង​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ជា​ជនរងគ្រោះ​៕