(ភ្នំពេញ)៖ សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាដាច់ខាតមិនឲ្យមាន បដិវត្តន៍ពណ៍កើតឡើងនៅកម្ពុជា ដែលបំផ្លាញនូវសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេសជាតិ ហើយត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចតេជា ហ៊ុន សែន បន្ថែមឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំលុបបំបាត់ភាពអសកម្មរបស់ខ្លួន ហើយត្រូវចូលរួមកសាងអំពើល្អ និងសកម្មភាពជួយសង្គមអោយបានច្រើន។ សំខាន់ជាងនេះទៅទៀត គឺត្រូវយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសគឺសេវាតម្រូវការចាំបាច់ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បញ្ជីជាតិ ប័ណ្ណស្នាក់នៅ ជាដើម។

ក្រៅពីនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង បង្រៀន និងរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ អោយមានសុខសន្តិភាព និងរីកចម្រើនខ្លាំងឡើងថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ បានផ្តល់បាឋកថាដល់មន្ត្រីនគរបាលសិក្ខាកាមបណ្ឌិត្យសភានគរបាលកម្ពុជា លើប្រធានបទ «ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ-អន្តរជាតិ និងបញ្ជាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំគ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន បានផ្តល់នូវអានុសាសន៍សំខាន់ៗមួយចំនួន ដល់មន្រ្តីនគរបាល និងសិក្ខាកាម ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ អោយរីកចម្រើនក្នុងនោះ រួមមានដូចជា កងកម្លាំងគ្រប់ប្រភេទត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីអោយបានដាច់ខាត និងបង្កើតទំនាក់ទំនង ល្អជាមួយប្រទេសជិតខាង។ ត្រូវពង្រឹងសន្តិសុខសណ្ដាប់ ធ្នាប់សង្គម ដើម្បីទប់ស្កាត់ ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាធំ និងត្រូវពង្រឹងការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហា សណ្ដាប់ធ្នាប់សាធារណៈការអនុវត្តច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់មួយចំណុចទៀត នោះគឺកងកម្លាំងប្រដាប់អាវុធ ត្រូវធានាកុំឲ្យមានអំពើរភេរវកម្មកើតឡើងដាច់ខាតនៅកម្ពុជាដើម្បីទាក់ ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ កងកម្លាំងទាំងអស់ត្រូវចូលរួមសហការជាមួយមន្ត្រីគយ ពន្ធដា ដើម្បីប្រមូលពន្ធបង្កើនប្រាក់ចំណូលជាតិ ហើយសហការល្អ ជាមួយមន្ត្រីការពារព្រៃឈើ ធនធានរ៉ែ ដើម្បីទប់ស្កាត់ការ កាប់បំផ្លាញឈើ បូមរ៉ែខ្សាច់ និងអំពើរុករករ៉ែខុសច្បាស់ដទៃទៀត៕