(ព្រះសីហនុ)៖ កម្លាំង​នគរបាលខេត្ត​ព្រះសីហនុ សហការជាមួយកម្លាំងនគរបាលក្រុង  នៅ​យប់ថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការបង្រ្កាបមុខសញ្ញាលក់​ចែកចាយថ្នាំញៀន​១ករណី នៅចំណុចក្រុមទី៨ ភូមិ២សង្កាត់លេខ៤ ​ក្រុងព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន២នាក់ និងដកហូតថ្នាំចំនួន៧កញ្ចប់ ដែលជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារ រឿងគ្រឿងញៀន។

ជនសង្ស័យទី១-ឈ្មោះស៊ឹម ដែន ឬ ឌី ស៊ីថា(ហៅរ៉ា) ​អាយុ៣៩​ឆ្នាំទីលំនៅ នៅភូមិប្រាលឃុំតានីស្រុកអង្គរ​ជ័យ ខេត្តកំពត មុខរបរមិនច្បាស់លាស់ និងទី២,ឈ្មោះលី ស្រីពៅ(ហៅម៉ីឡាង) ភេទស្រីអាយុ៣២ឆ្នាំជនជាតិវៀតណាម ស្នាក់នៅផ្ទះ​ជួលសង្កាត់លេខ២ ក្រុង/ ខេត្តព្រះសីហនុ​ មុខរបរ​មិនច្បាស់លាស់។

លោកវរសេនីយ៍ឯក​ស៊ុន សុផាត​ស្នងការរងទទួល​ផែនកណ្តាលនគរបាល​ប្រឆាំងបទល្មើស​ បានបញ្ជាក់បន្ថែមថា ឈ្មោះស៊ុម ដែន ជាមុខសញ្ញា​ចាស់ធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរថ្នាំ​ញៀន កាលពីជាង១ឆ្នាំមុន តែជននេះមិនរាងចាល ពេលចេញពីពន្ធនាគារវិញនៅបន្ត ធ្វើសកម្មភាពល្មើសដដែល។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបអំពើលក់​ចែកចាយថ្នាំញៀន​នេះ បានធ្វើឡើងដោយមានការបញ្ជាណែនាំផ្ទាល់​ពី លោកឧត្តម​សេនីយ៍ទោ​ជួន ណា​រិន្ទស្នងការ​នគរបាលខេត្តព្រះសីហនុ៕