(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្មីៗនេះ ប្រធានបេសកកម្ម របស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំនៅកម្ពុជា បានស្នើបង្កើត គណៈកម្មាធិការជាតិនៃច្បាប់មនុស្សធម៌ មួយនៅកម្ពុជា។

លោក Bart Vermeiren ប្រធានបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំនៅកម្ពុជា បានលើកឡើងថា គណៈកម្មាធិការរបស់លោក ចង់ឱ្យមានគណៈកម្មាធិការជាតិនៃច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងសភា ឬក៏នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយលោកត្រៀមខ្លួននឹងផ្ដល់កិច្ចសហប្រតិបត្តិការ ជាមួយថ្មីនេះ។

លោកបានបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ត្រៀមខ្លួនជួយផ្ដល់ប្រឹក្សាខាងផ្នែកច្បាប់ ពាក់ព័ន្ធនឹងអនុសញ្ញាអំពីគ្រាប់បែកចង្កោម ប្រសិនបើកម្ពុជាចាប់អារម្មណ៍។

លោកប្រាក់ សុខុន បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមបង្កើត គណៈកម្មាធិការជាតិ ផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងរដ្ឋសភាឬក្នុង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិហើយលោកនឹងធ្វើការពិចារណារលើសំណើនេះ៕