(ភ្នំពេញ)៖ អ្នកឡើងត្នោតម្នាក់ បានប្រទះឃើញទារិកាអភព្វម្នាក់ ដែលទើបនឹងកើតត្រូវបានគេយកមកវិចខ្ចប់ជាមួយនឹងអាវច្រកកាបូប តែអ្វីដែលគួរឲ្យស្តោកស្តោយនោះ គឺទារិកានោះបានដាច់ខ្យល់​ស្លាប់រួចទៅហើយ ដែលភាពភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខវត្តជន្លង់ម្លូរ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

បុរសអ្នកឡើងត្នោតដែលបានប្រទះឃើញទារិកានោះ មានឈ្មោះ រឿន រ៉ន អាយុ៣៧ឆ្នាំ បានរៀបរាប់ឲ្យដឹងមុនពេលកើតហេតុថា គាត់បានទៅឡើងត្នោតដូចសព្វដង នៅពេលដែលឆ្លងកាត់កន្លែង​កើតហាតុ ក៏បានប្រទះឃើញកាបូបស្ពាយពណ៌ផ្កាឈូមួយ នៅក្បែរគុម្ពព្រៃ គាត់ក៏បានទៅបើកមើល ស្រាប់តែឃើញទារិកាម្នាក់នៅក្នុងនោះ ទើបរាយការណ៍ទៅអាជ្ញាធរតែម្តង។

បន្ទាប់ពីបានទទួលដំណឹងនេះ កម្លាំងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានរៀបចំសពទារិកាខាងលើតាមប្រពៃណីខ្មែរ រីឯប្រជាពលរដ្ឋក៏បានឧទ្ទិកុសលឲ្យសពទារិកានោះ បានទៅកាន់សុខគតិភព កុំឲ្យជាតិក្រោយកើតមកជួបម្តាយបែបនេះទៀត៕