(កំពង់ស្ពឺ)៖ មនុស្សជាង១៥០០ នាក់បានជួបជុំគ្នានៅទីសួនច្បារសម្តេចសង្ឃ ជួន ណាត នាព្រឹកថ្ងៃទី ០៣ខែវិច្ចិកា ឆ្នាំ២០១៦ក្នុងគោលបំណងនាំគ្នាសម្អាតបរិស្ថាន ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កំពង់ស្ពឺ» គ្រាដែលខេត្តកំពង់ស្ពឺត្រៀមរៀបចំពិធីបុណ្យ អុំទូកបណ្តែតប្រទីប អកអុំបុក និងសំពះព្រខែនាថ្ងៃទី៥-៦ ខែវិច្ចិកា ឆ្នាំ២០១៦ខាងមុខនេះ។

ថ្លែងទៅកាន់ក្រុមអ្នកស្រឡាញ់បរិស្ថានលោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺបានកោតសសើរ ដោយស្មោះចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលតែងតែនាំគ្នាចូលរួមសម្អាតជាប្រចាំនៅបញ្ហាបរិស្ថានក្នុងតំបន់ ហើយជាពិសេសលើកនេះការសម្អាតបរិស្ថានក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កំពង់ស្ពឺ» ដោយមានការចូលរួមពីមនុស្សយ៉ាងច្រើន កុះកគួរឲ្យមោទនភាពបំផុត។

នៅក្នុងការដឹកនាំសម្អាតបរិស្ថាន លោក គាត រង្ស៊ី ប្រធានមន្ទីរបរិស្ថានបានលើកឡើងថា ដោយសារតែខេត្តរបស់យើង​ ស្ថិតក្នុងការអភិវឌ្ឍន៍ចាំបាច់ទាមទាឲ្យយើងរួមគ្នាចូលរួមឲ្យបានសកម្ម ក្នុងការលើកស្ទួយវិស័យបរិស្ថាន ដើម្បីទ្រទ្រង់សុខភាព អនាម័យជាទូទៅរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវកររកស៊ីផងដែរ។

លោកប្រធានមន្ទីរ បានលើកឡើងទៀតថា មន្ទីរបរិស្ថាន និងរៀបចំជាលើកទី២ម្តងទៀត​ ក្រោយពីការរៀបចំបុណ្យអុំទូកចប់ ហើយមន្ទីរសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ក្រុមអាជីវករមេត្តាចូលរួមឲ្យបានច្រើនកុះករក្នុងពេលសម្អាតបរិស្ថាន ដើម្បីជាកិត្តយស មុខមាត់ សុខភាព របស់ប្រជាជនក្នុងខេត្តកំពង់ស្ពឺទាំងមូល៕