(សៀមរាប)៖ ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ក្នុងការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងរកទំនិញខូចគុណភាព ដែលនាំចូលតាមច្រកអន្តរជាតិ ដាក់តាំងលក់តាមផ្សារ តាមផ្ទះនោះ។

ជាក់ស្តែង នៅទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រោម ស្ថិតនៅភូមិវិហារចិន ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារចំនួន ១១មុខដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូបមួយចំនួនរួមមាន អំបិលអ៊ីយ៉ូត ស្ពៃជ្រក់ ត្រពាំងជ្រក់ ស្ករត្នោត សណ្តែកបណ្តុះ គុយទាវ មុីសរសៃលឿង សាច់ក្រក ប្រហុកសាច់ មឹកក្លាសេ និងបង្គារក្លាសេរួចមក ជាលទ្ធផលគឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid , Sodium Hydrosulfite, Borax និង Formalin នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ចំពោះផលិតផលវេចខ្ចប់រួច និងផលិតផលម្ហូបអាហារកំប៉ុង ក៏ក្រុមការងារពុំបានរកឃើញផលិតផលប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែរ។

ឆ្លៀតឳកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ក្នុងការចុះមកត្រួតទំនិញនៅតាមផ្សារនិងតាមផ្ទះនេះ ក៏មាន ការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផងដែរ ដោយពួកគាត់យល់ដឹងច្បាស់ពី សុវត្ថិភាពម្ហូបអាហារ។

ទន្ទឹមនោះមន្រ្តីកាំកុងត្រូលយើង ក៏បានពន្យល់ និងបកស្រាយជូនដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ អំពីពាក្យចចាមអារ៉ាមដែលកើតមានថ្មីៗ ទាក់ទងទៅនឹងអង្ករប្លាស្ទិក ដើម្បីឲ្យពួកគាត់បានយល់ដឹងបន្ថែម និងមានទំនុកចិត្តថា គឺពិតជាពុំមានអង្ករប្លាសស្ទីកទេនៅកម្ពុជា ដោយបាននិយាយយោងទៅលើលទ្ធផលពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូលយើង និងប្រសាសន៍ដ៏មុតមាំរបស់ លោករដ្ឋមន្រ្តី និងប្រសាសន៍លោកប្រតិភូ និងសេចក្តីប្រកាសរបស់សមាគមន៍ស្រូវអង្ករកម្ពុជា៕